សម្តេចតេជោហ៊ុន សែនបញ្ជាឲ្យរុះរើការដ្ឋានសំណង់ដ៏ធំមួយនៅឆ្នេរសមុទ្រអូរឈើទាលជាបន្ទាន់

ចែករំលែក៖

ខេត្តព្រះសីហនុះ ការដ្ឋានសំណង់ចិនដ៏ធំមួយស្ថិតនៅតំបន់ឆ្នេរសមុទ្រអូរឈើទាល អតីតបន្ទាយកងរាជអាវុធហត្ថខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានរុះរើ និងដឹកគ្រឿងចក្រចេញយ៉ាងឆាប់បំផុត តាមបញ្ជា យ៉ាងម៉ឺងម៉ាត់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ។

មន្ត្រីសាលាខេត្តព្រះសីហនុម្នាក់សុំមិនប្រាប់ឈ្មោះបានខ្សឹបប្រាប់ថា នៅរសៀល ថ្ងៃទី២ខែមិនាឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន លោកបាន អញ្ជើញដើរកំសាន្តតាមឆ្នេរសមុទ្រអូរឈើទាល ។ សម្តេចបានប្រទះឃើញការដ្ឋានសំណង់ដ៏ធំមួយហ៊ុំព័ទ្ធរបងជុំជិត ភ្លាមនោះ សម្តេចបានហៅចៅហ្វាយក្រុងព្រះសីហនុ មកបញ្ជាឲ្យរុះរើ ការដ្ឋានសំណង់នោះ និងដឹកគ្រឿងចក្រចេញឲ្យអស់ជាបន្ទាន់ ទាន់សម្តេចនៅចាំមើល! ព្រោះនោះ ជាដីឆ្នេរសមុទ្រ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ទុកឲ្យពលរដ្ឋខ្មែរ មកលេងកំសាន្ត ។

ជាមួយគ្នានោះផងដែរ អាជ្ញាធរក្រុងបានចេញសេចក្តីជូនដំណឹង ដល់ក្រុមហ៊ុន លីឡាយ ភ្លាមៗផងដែរ ប៉ុន្តែក្រុមហ៊ុនហាក់បីនៅមានការស្ទាក់ស្ទើរ ទើបអាជ្ញាធរក្រុងដឹកនាំកម្លាំងចម្រុះ ចុះរុះរើការដ្ឋានសំណង់នោះ ខ្ទេចអស់នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨នេះតែម្តង ។

ពាក់ពន្ធ័ នឹងករណីខាងលើនេះ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា នេះជាសំណង់គ្មានច្បាប់ទម្លាប់ (អត់ច្បាប់) ។

បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់ទីក្រុងព្រះសីហនុនៅ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណង ចុះជួបសំណេះសំណាលជាមួយកម្មករ -កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print