ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨នេះ នាងខ្ញុំប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនគ្រួសារកងទ័ព និងប្រជាពលរដ្ឋចំនួនជាង ១,០០០នាក់ ដោយឥតគិតថ្លៃ។
ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដោយឥតគិតថ្លៃនោះបានធ្វើឡើងក្នុងបរិវេណវរសេនា ២៨៣ នៃកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅក្នុងភូមិញាំងជុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្នុងពិធីនោះមានការចូលរួមពីលោកមេបញ្ជាការតាមកងពល, មេបញ្ជាការសមរភូមិទិសនីមួយៗ និងឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណ:អភិបាលខេត្តស្ទឹងត្រែង។
នៅមុនពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់អាហារពេលព្រឹក និងថ្ងៃត្រង់ មាននំបញ្ចុក នំបុ័ង និងភេសជ្ជ: ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល។ ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ហ៊ុន សែន បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនោះ រួមមាន ៖ វះកាត់តូច និងអំបែងគ្រាប់ចំនួន៥០នាក់, ពិនិត្យ និងព្យាបាលមាត់-ធ្មេញចំនួន១០០នាក់, ពិនិត្យរោគស្ត្រី១០០នាក់, ពិនិត្យ និងព្យាបាលជំងឺទូទៅចំនួន៦៥០នាក់, សម្ភព និងអេកូសាស្ត្រ ចំនួន១០០នាក់, ផ្តល់ថ្នាំសម្លាប់សត្វល្អិតជូនប្រជាជន៥០០ករណី, អប់រំសុខភាពដល់ប្រជាជនដែលទទួលសេវាព្យាបាល, ចែកជូនវែនតាសម្រាប់លោកតា លោកយាយ ចំនួន៣០០គ្រឿង, ផ្តល់សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស និងចែកជូនរទេះរុញសម្រាប់អតីតយុទ្ធជនពិការចំនួន ០៩គ្រឿងផងដែរ។
សូមជម្រាបថា: មិនមែនជាលើកទី១នោះទេ ដែលក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានធ្វើសកម្មភាពមនុស្សធម៌បែបនេះ។ ព្រោះកន្លងមកក្រុមវេជ្ជសាស្ត្រសម្តេចតេជោតែងតែធ្វើសកម្មភាពចុះព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពជាច្រើនខេត្តតាមគោលដៅផ្សេងគ្នារួចមកហើយដែរ។
ប្រជាពលរដ្ឋដែលបានមកទទួលការពិនិត្យ និងព្យាលជំងឺ នាពេលនោះសុទ្ធតែបានបង្ហាញភាពរីករាយ ចំពោះសកម្មភាពរបស់ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដែលបានចុះពិនិត្យជំងឺទូទៅ និងព្យាបាលជំងឺជូនពួកគាត់ដោយឥតគិតថ្លៃ នេះជាការចូលរួមកាត់បន្ថយលើការចំណាយរបស់ពួកគាត់បានមួយគ្រា សម្រាប់ការថែទាំសុខភាពបន្ថែមនេះ។ ដូចច្នេះតាមរយៈសកម្មភាពនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវាសុខាភិបាលបង្ខិតឱ្យនៅជិតប្រពលរដ្ឋ និងធ្វើឱ្យពួកគាត់មានភាពងាយស្រួលបន្ថែមទៀត ៕