ខេត្តកណ្ដាល ៖ នគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលពាមឧញ្ញ៉ាអុង និងប៉ុស្ដិ៍រដ្ឋបាលសារិកាកែវ ចុះធ្វើការបង្រ្កាបមុខសញ្ញាជួញដូរថ្នាំញៀន២នាក់និងដកហូតហូតថ្នាំញៀនចំនួន៦កញ្ចប់ ។
ប្រតិបត្ដិការបង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ត្រ់ងចំណុចផ្លូវកែង ខាងក្រោយវត្តស្វាយ ស្ថិតក្នុងភូមិពាមតាឯក ឃុំពាមឧញ្ញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានចំនួន២នាក់ ទី១-ឈ្មោះ តាំង ភារុន ហៅ គ្រួន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដនិងទី២-ឈ្មោះ ហួង ចាន់នី ហៅ ឡុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិពាមតាឯក ឃុំពាមឧញ្ញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៦កញ្ចប់ (កញ្ចប់មធ្យមចំនួន៤និងកញ្ចប់តូចំនួន២) ។
ប្រភពដដែលបន្ដថា ជនសង្ស័យទាំង២នាក់ខាងលើ គឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដស្រុកល្វាឯម ដែលសមត្ថកិច្ចតាមដាននិងកំណត់ជាយូរមកហើយ តែពុំមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនជនសង្ស័យបានទេ ។ លុះមកដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យឈ្មោះ តាំង ភារុន ហៅ គ្រួន កំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅត្រង់ចំណុចភូមិ/ឃុំកើតហេតុខាងលើ ភ្លាមនោះសមត្ថកិច្ចស្រុកបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលពាមឧញ្ញ៉ាអុង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសារិកាកែវ ចុះទៅដល់ចំណុចកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ តាំង ភារុន ហៅ គ្រួន និងធ្វើការឆែកឆេរ បានរកឃើញថ្នាំញៀនចំនួន១កញ្ចប់នៅនឹងខ្លួនជនសង្ស័យ ឈានដល់នាំខ្លួនជនសង្ស័យមកប៉ុស្ដិ៍រដ្ឋបាលពាមឧញ្ញ៉ាអុងដើម្បីធ្វើការសាកសួរ ។
ក្រោយពីសួរនាំរួច សមត្ថកិច្ចមានការសង្ស័យថា នៅផ្ទះជនសង្ស័យមានលាក់ទុកថ្នាំញៀន ភ្លាមនោះសមត្ថកិច្ចជំនាញក៏បានចុះទៅធ្វើការឆែកឆេរផ្ទះជនសង្ស័យបានរកឃើញថ្នាំញៀនចំនួន៥កញ្ចប់បន្ថែមទៀត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ តាំង ភារុន ហៅ គ្រួន បានសារភាពថា ថ្នាំញៀនខាងលើនេះ ខ្លួនបានទិញពីឈ្មោះ ហួង ចាន់នី ហៅ ឡុង នៅភូមិ/ឃុំជាមួយគ្នា ភ្លាមនោះសមត្ថកិច្ចក៏បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួង ចាន់នី ហៅ ឡុង យកមកធ្វើការសាកសួរបន្ដទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ