ចរចាមិនត្រូវគ្នាជាមួយយោធាកងអនុសេនាធំលេខ៧ ក្នុងតម្លៃមួយពាន់ប្រាំរយដុល្លារ ពលករឆ្លងដែនបានសម្រេចចិត្តដុតចោលឈើគ្រញូងជិត៨០០គីឡូក្រាម

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅវេលាយប់ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ មានសេចក្ដីរាយការណ៍មកថា មានពលករឆ្លងដែនកាប់ឈើគ្រញូងចំនួន៧នាក់ រស់នៅក្នុងភូមិត្រពាំងតៅចាស់ ឃុំត្រពាំងតៅ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានសម្រេចចិត្តដុតចោលឈើគ្រញូង ជិត៧០០គីឡូក្រាម ក្រោយពេលចរចាគ្នាជាច្រើនម៉ោងមិនត្រូវរ៉ូវជាមួយនឹងកងកម្លាំងយោធា កងអនុសេនាធំលេខ៧ នៃសឹករង ក្នុងការដាក់តម្លៃ១៥០០$(មួយពាន់ប្រាំរយ)តែខាងពលរដ្ឋ សុំឲ្យ១០០០$ តែខាងយោធាមិនព្រម ក៏ដុតបំផ្លាញឈើចោលដើម្បីបញ្ចប់រឿងតែម្តង ។

បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ពលករឆ្លងដែនខាងលើបានសំពាយឈើគ្រញូងចេញពីទឹកដីថៃ ត្រង់ចំណុចភូមិខ្ទំ ឆ្លងកាត់តំបន់កងអនុសេនាធំលេខ៧ ឆ្ពោះមកភូមិឃុំខាងលើ រហូតមកដល់ផ្ទះរបស់ខ្លួន ក៏បានយកឈើគ្រញូងមកលាក់ទុកនៅខាងក្រោយផ្ទះ ត្រូវបានមន្រ្ដីយោធាចំនួនបីនាក់ តាមទាន់ និងរុករកឃើញ ក៏បម្រុងនឹងប្រមូលចាប់យកមករក្សាទុកនៅក្នុងបន្ទាយ ដោយមិនព្រមទទួលយកការចរចា ក៏ឈានដល់ការដុតបំផ្លាញឈើគ្រញូងនោះចោលទាំងអស់តែម្ដង ។

បើតាមការឲ្យដឹងពីលោក រស់ សារួន មេបញ្ជាការកងអនុសេនាធំលេខ៧ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ថា លោកមិនបាននៅក្នុងហេតុការណ៍នេះទេ ដោយលោកជាប់រវល់នៅខេត្ត ហើយព័ត៌មាននេះមានឈ្មួញទូរសព្ទ័ទៅសុំចរចាជាមួយនឹងលោកដែរ តែលោក មិនទទួល ហើយលោកឲ្យយកមកដាក់នៅបន្ទាយ តែប្រហែលនិយាយចរចាមិនត្រូវរ៉ូវគ្នាទើប ពលរដ្ឋដុតឈើចោលតែម្ដង។

លោករស់ សារួន បានបន្ដថា នេះមិនមែនលោកទៅជំរិតគំរាមកំហែងដូចការចោទប្រកាន់ទេ គឺបទបញ្ជារបស់ថ្នាក់លើ ឲ្យល្បាត និងទប់ស្កាត់ ពីព្រោះខាងភាគីថៃ តែងតែបានដាស់តឿន ក្រើនរំលឹកមកដល់កងកម្លាំងលោកជារឿយៗ ឲ្យមានការទប់ស្កាត់ បើមិនមានការទប់ស្កាត់ពលករទេ ពេលពលករខ្មែរចូលទៅលួចឈើគ្រញូង គេនឹងបាញ់សម្លាប់ចោល ពីព្រោះពលករមួយក្រុមខាងលើ តែងតែព្យាយាមទៅលួចឈើគ្រញូងនៅជិតបន្ទាយយោធា និងប៉ូលិសថៃរហូត ទើបកងកម្លាំងយោធាកងអនុសេនាធំលេខ៧ ចេញល្បាតទប់ស្កាត់ និងបង្ក្រាបជាបន្ដបន្ទាប់ ការពារបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ដល់ពលរដ្ឋ ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print