សាលាឧទ្ធរណ៍ដោះលែងជនត្រូវចោទក្លែងបន្លំ​ឯកសារ និងឆបោកប្រាក់ឲ្យនៅ​ក្រៅឃុំស្ងាត់ៗ ?

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ​​ មហាជនរស់នៅខេត្តកំពង់ស្ពឺមួយចំនួនដែលបានដឹងរឿង ករណី ក្លែងបន្លំ​ឯកសារ និងឆបោកប្រាក់ជនរងគ្រោះម្នាក់ កំពុងនាំគ្នាភ្ញាក់ផ្អើលជាខ្លាំងពេលដែល​ឃើញជន​ត្រូវចោទពីរនាក់មានឈ្មោះម៉ាក ស៊ីនឿន ភេទស្រី អាយុ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះម៉ាក ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ​ ត្រូវជាបងប្អូនបង្កើត រស់នៅក្នុងភូមិព្រៃទួល ឃុំវល្លិស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែលល្បីខាងឆបោក និងជំពាក់លុយធនាគារជាច្រើននោះ ត្រូវបាន​សាលាឧទ្ធរណ៍ ដោះលែងឲ្យនៅក្រៅឃុំស្ងាត់ៗ​​​​បន្ទាប់ពីរឿងក្តីនេះនៅសាលាដំបូងខេត្ត កំពង់ស្ពឺ ដើមបណ្តឹងឈ្នះក្តីទៅហើយនោះ ។

ការភ្ញាក់ផ្អើលនេះកើតឡើងកាលពីរសៀលថ្ងៃថ្ងៃ ចន្ទ ១១ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៨ ហើយមហាជនទាំងនោះបាននាំគ្នានិយាយ​ថា​ការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះគឺអយុត្តិធម៌ណាស់សម្រាប់ជនរងគ្រោះ ដែលត្រូវ​បាន​ក្រុមជនទុច្ចរិតប្រើល្បិចកល់ឆបោក​យកលុយអស់​ហើយថែមទាំងធ្វើឲ្យ​ប៉ះពាល់ដល់​ស្ថាន​ភាព​គ្រួសារខាងដើមបណ្ដឹងយ៉ាងធ្ងន់ធ្ងរ។

សាក្សីបានឲ្យដឹងថា ជនត្រូវចោទ​ទាំងពីរនាក់បងប្អូន បានទៅលួងលោមសុំខ្ចីប្រាក់ពី​ដើមបណ្ដឹងឈ្មោះ ​ ផូ ឃឿន​ មានទីលំនៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦​ មានទឹកប្រាក់សរុបចំនួន៤៣,៥០០$ដែលអះ​អាងថាយកទៅបើកសាលាភាសាអន្តរជាតិ ទិញរថយន្ត​ដឹកសិស្ស​នៅឯភ្នំពេញ​ និងបាន​សន្យាសងប្រាក់គ្រប់ចំនួនវិញនៅ៣ខែបន្ទាប់។ លុះដល់៣ខែក្រោយមក​ ជនត្រូវចោទទាំងពីរ​នាក់បងប្អូន មិនគោរពតាមកិច្ចសន្យានោះទេ ថែមទាំងបានគេចវេសទៀតផង ទើបដើមបណ្ដឹងសម្រេចចិត្តស្នើសុំកម្លាំងមានសមត្ថកិច្ចជួយអនុវត្តតាមនិតិវិធីច្បាប់ជាបន្តរបន្ទាប់រហូតដល់ដំណាក់កាលមានរឿងអយុត្តិធម៌ដល់សាលាឧទ្ធរណ៍បែបនេះ ។

យ៉ាងណាជនរងគ្រោះបានសំណូមពរដល់​សាលាឧទ្ធរណ៍សូមមានមានចំណាត់ការតាមនិតិវិធីច្បាប់ឡើងវិញ​ក្នុងករណីឆបោកនេះ ព្រោះការសម្រេចឲ្យជនឆបោក នៅក្រៅឃុំ ដោយមិនមានដាក់ប្រាក់ដម្កល់ដើម្បី​រក្សាទុកទូទាត់​ឲ្យគាត់ជាដើមបណ្តឹងនិងធ្វើឲ្យប៉ះពាល់ដល់ផ្លូវច្បាប់ ជាពិសេសប៉ះពាល់ដល់​អារម្មណ៍គាត់ខ្លាំងណាស់និងក្រៅពីនេះវារឹតតែធ្វើឲ្យប្រជាពលរដ្ឋមិនមានជំនឿ​លើប្រព័ន្ធ​តុលាការ​ទៀតឡើយ ។

ចំពោះការលើកឡើងរបស់មហាជន និងដើមបណ្តឹងខាងលើនេះ ភ្នាក់ងារនគរវត្ត មិនអាចសុំ ការបញ្ជាក់ពីចៅក្រមសាលាឧទ្ធរណ៍កាន់សំណុំរឿងនេះបានឡើយកាលពីរសៀលថ្ងៃ ១៣ ខែមីនា ឆ្នាំ ២០១៨ នេះ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print