ភ្នំពេញ៖ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៤ – ក្រុមហ៊ុនអេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន នៅថ្ងៃនេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការរៀបចំការប្រកួតសំណង់ទូទាំងប្រទេស ដែលប្រព្រឹត្តិទៅនាឆ្នាំនេះ ដើម្បីជាការបង្កើនជំនាញរបស់ជាងសំណង់ និងលើកកម្ពស់គុណភាពផ្នែកសំណង់ ក៏ដូចជាអភិវឌ្ឍន៍ឧស្សាហកម្មសំណង់ជារួមផងដែរ។
តាមរយៈបទពិសោធន៍ច្រើនទសវត្សនៃប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន SCG បានមើលឃើញនូវបញ្ហាប្រឈម ដែលម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាងសង់ តែងជួបប្រទះ ក្នុងការស្វែងរកជាងសំណង់ ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានជំនាញ ហើយក៏បានមើលឃើញនូវបញ្ហាប្រឈមប្រហាក់ប្រហែលគ្នា សម្រាប់ជាងសំណង់ ដែលមានទេពកោសល្យ និងមានការបណ្ដុះបណ្ដាលត្រឹមត្រូវ ក្នុងការទទួលបាននូវប្រាក់ឈ្នួលល្អប្រសើរ សម្រាប់ទឹកដៃការងារដែលមានគុណភាពរបស់ខ្លួន។
ការរៀបចំនូវការប្រកួតទូទាំងប្រទេសនេះនឹងធ្វើតេស្តលើជំនាញរបស់ជាងសំណង់ សម្រាប់ការងារបូកស៊ីម៉ង់ត៍ និងប្រក់ដំបូល ហើយនេះជាផ្នែកមួយនៃយុទ្ធនាការដែលគាំទ្រដល់ចក្ខុវិស័យរបស់ SCG ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកម្ពុជា តាមរយៈការបណ្ដុះបណ្តាល ការអប់រំ និងការលើកកម្ពស់បទដ្ឋានសំណង់។
យុទ្ធនាការនេះបានចាប់ផ្ដើមកាលពីដើមខែនេះ តាមរយៈការសម្ពោធនូវគម្រោងបណ្ដុះបណ្ដាលជាងសំណង់ ដែលបានចាប់ផ្ដើមបណ្ដុះបណ្ដាលជាងសំណង់ លើផ្នែកបូកស៊ីម៉ង់ត៍ និងប្រក់ដំបូល ដែលការបណ្ដុះបណ្ដាលនេះធ្វើឡើងនៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនពីរនៅក្នុងរាជធានីភ្នំពេញ។
សិក្ខាកាមដែលបានឆ្លងកាត់គម្រោងបណ្ដុះបណ្ដាលជាងសំណង់នេះ នឹងមានសិទ្ធិចូលរួមនៅក្នុងការប្រកួត ដែលនឹងរៀបចំនៅក្នុងឆ្នាំនេះ ក្នុងគោលបំណងបង្ហាញដល់ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាងសង់បានឃើញនូវជាងសំណង់ដែលមានជំនាញត្រឹមត្រូវ។
លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (Somwang Manpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ “យុទ្ធនាការនេះឆ្លុះបញ្ចាំងឲ្យឃើញពីចក្ខុវិស័យរបស់យើងក្នុងការផ្ដល់នូវមធ្យោបាយមានប្រយោជន៍សម្រាប់ម្ចាស់លំនៅដ្ឋាន ម្ចាស់គម្រោងសាងសង់ និងជាងសំណង់ផង ដែលអនុញ្ញាតឲ្យពួកគេអាចស្វែងរកអ្នកដែលមានជំនាញត្រឹមត្រូវសម្រាប់ការងារសំណង់។ យើងមានមោទនភាព និងមានកិត្តិយស ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរៀបចំនូវការប្រកួតនេះឡើង”។
ការប្រកួតជម្រុះនៅតាមខេត្តសម្រាប់ផ្នែកបូកស៊ីម៉ង់ត៍នឹងត្រូវបានធ្វើឡើងនៅតាមទីរួមខេត្តសំខាន់ៗទូទាំងប្រទេស ហើយអ្នកឈ្នះក្នុងវគ្គជម្រុះនោះ នឹងចូលរួមក្នុងការប្រកួតចុងក្រោយ ដែលរៀបចំដោយ SCG ក្នុងរាជធានីភ្នំពេញ នៅចុងឆ្នាំនេះផងដែរ។ ចំណែកឯការប្រកួតផ្នែកប្រក់ដំបូលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែធ្នូ ឆ្នាំ ២០១៨ នេះ។
ទាំងនៅក្នុងវគ្គបណ្ដុះបណ្ដាល និងក្នុងការប្រកួត ជាងសំណង់ នឹងប្រើប្រាស់នូវផលិតផលគុណភាពខ្ពស់ចុងក្រោយរបស់ SCG មានដូចជាស៊ីម៉ង់ត៍ ខេ-ស៊ីមេន និងក្បឿង SCG ជាដើម ។សិក្ខាកាមដែលចូលរួម នឹងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការបណ្ដុះបណ្ដាលពីគម្រោងនេះ ខណៈដែលជ័យលាភីចុងក្រោយនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ២ លានរៀល និងអាចចូលរួមដំណើរទស្សនកិច្ចអប់រំ ទៅកាន់ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុន SCG ផងដែរ។
លោក ស៊ុមវ៉ាង មានមានប្រសាសន៍ទៀតថា៖ “នេះជាឱកាសដ៏ល្អសម្រាប់ជាងសំណង់ ដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលក្នុងគម្រោងបណ្ដុះបណ្ដាលជាងសំណង់របស់យើង ដែលត្រូវបង្ហាញជំនាញសំណង់របស់ខ្លួន ហើយកសាងកិត្តិនាមរបស់ខ្លួនផងដែរ។ កិត្តិនាមកាន់តែល្អមានន័យថា មានការងារកាន់តែច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់។ សម្រាប់ម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសាងសង់វិញ ពួកគេច្បាស់ជាទុកចិត្តចំពោះលទ្ធផលការងារ ប្រសិនបើពួកគេជ្រើសរើសយកជាងសំណង់ ដែលមានការបញ្ជាក់ត្រឹមត្រូវចេញពីការប្រកួតនេះ”។
លោក ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន SCG ។លោកបានមានប្រសាសន៍ថា៖ “គោលបំណងនៃការប្រកួតប្រជែងជំនាញនេះ ដើម្បីលើកទឹកចិត្តដល់ជាងសំណង់ក្នុងការអភិវឌ្ឍន៍ជំនាញក្នុងប្រទេសកម្ពុជាឲ្យឈានដល់កម្រិតអន្តរជាតិ តាមរយៈការប្រកួតប្រជែងជំនាញដោយប្រើប្រាស់នូវចំណេះដឹង ជំនាញពីការបណ្តុះបណ្តាល និងបទពិសោធន៍តាមការដ្ឋាន”៕
ដោយ វឌ្ឍនា