ភ្នំពេញ៖ គ្រោះអគ្គិភ័យ បានឆាបឃ្លាំងកែច្នៃឈើមួយកន្លែង ធ្វើជាទ្វារដែលដាក់ចំហុយនៅក្នុងឡ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយអន្តរាគមន៍។
ហេតុការនេះ បានកើតឡើង កាលពីកាលពីថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៨វេលាម៉ោង២និង១៥ នាទីរំលងអធ្រាត្រ នៅចំណុចដេប៉ូលក់ឈើមួយកន្លែង តាមបណ្តោយផ្លូវភ្នំពេញហាណូយ(១៩១៩) ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឥ្យដឹងថា ម្ចាស់ទីតាំងឃ្លាំងកែឆ្នៃឈើខាងលើ មានឈ្មោះ ហង់ វ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់បានធំក្លិន និងឃើញមានផ្សែងហ៊ុយខ្មួរខ្មាញ់ ចេញមកពីក្នុងឡ សម្រាប់ចំហុយទ្វារដែលកែច្នៃរួច ដែលមានទំហំ៦ម៉ែត្រ គុណនឹង៧ម៉ែត្រ និងមានទ្វាឈើប្រមាណជិត៣០គីប ដែលនៅខាងក្រោយដេប៉ូ ទើបប្រញាប់នាំគ្នាចេញទៅមើល ស្រាប់តែឃើញមានអណ្តាតភ្លើងកំពុងតែឆាបឆេះចេញមកពីក្នុងនោះ ក៏ស្រែកឆោឡោនាំគ្នា ដងទឹកទៅជះពន្លត់ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍ ហើយសមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកចំនួន៦គ្រឿង ហើយបានធ្វើការបាញ់ពន្លត់អស់ទាំងចំនួន៦គ្រឿង ដោយប្រើរយះពេលជាងមួយម៉ោង ទើបរលត់ជាស្ថាពរ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះ បណ្តាលមកពីធ្លាយទុយោឡចំហុយ ទើបបង្កឲ្យមានអគ្គីភ័យ ឆាបឆេះឡើងតែម្តង តែក្នុងហេតុការណ៍ មិនបណ្តាលឲ្យមានមនុស្ស រងរបួសទេ៕
ដោយ៖ តុង សីហា