ខេត្តកណ្តាល ៖ កងរាជអាវុធហត្ថខេត្តកណ្តាល ប្រកាសគាំទ្រញត្តិរបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលថ្កោលទោសដាច់អហង្ការចំពោះទង្វើថោកទាប ក្បត់ជាតិ ក្បត់ប្រជាជនរបស់ទណ្ឌិត សម រង្ស៊ី និងគាំទ្រទាំងស្រុងចំណាត់ការរបស់រាជរដ្ឋាភិបាលលើជនក្បត់ជាតិរូបនេះនៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ។
ក្នុងអត្ថន័យញ្ញត្តិបានបញ្ជាក់ថា ក្នុងនាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទាំងអស់ បានប្រកាសគាំទ្រញត្តិរបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានខ្លឹមសារដូចខាងក្រោម ៖
-កងរាជអាវុធហត្ថ ធ្វើការថ្កោលទោសដាច់អហង្ការចំពោះទង្វើថោកទាប ក្បត់ជាតិ ក្បត់ប្រជាជនរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរចំនួន ៤ខេត្ត ឱ្យទៅបរទេស។
-កងរាជអាវុធហត្ថ គាំទ្រទាំងស្រុង ចំណាត់ការផ្នែកនីតិវិធីរបស់រាជរដ្ឋាភិបាលទៅលើជនក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី។
-កងរាជអាវុធហត្ថ ត្រៀមខ្លួនធ្វើពលិកម្មដោយទឹកចិត្តអង់អាចក្លាហាន ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារទឹកដី ប្រជាជន និងសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។
គួរបញ្ជាក់ថា នៅក្នុងវីដេអូនោះលោកទណ្ឌិត សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀណាមជនជាតិភាគតិច Degar ដើម្បីឱ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។
តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ នាថ្មីៗនេះ លោក សម រង្ស៊ី បានសារភាពថែមទៀតថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor កាលពីឆ្នាំ២០១៣ ពិតប្រាកដមែននៅសហរដ្ឋអាមេរិក៕