មនុស្សជាង១ពាន់នាក់ស្លាប់និងជាង១សែននាក់ភៀសខ្លួននៅតំបន់ហ្គូតា

ចែករំលែក៖

សង្គ្រាមវាយប្រហារនៅតំបន់ហ្គូតា បណ្តាលឲ្យពលរដ្ឋស្លូតត្រង់ជាង១១មឺុននាក់ ត្រូវភៀសខ្លួនចោលផ្ទះសម្បែងនិង ពលរដ្ឋជាង១ពាន់នាក់ស្លាប់នៅក្នុងហេតុការណ៍នោះ។ នៅពេលនេះ ក្រុមឧទ្ទាម នៅហ្គូតាបានលើកទង់ស ចុះចាញ់ជាបន្ត បន្ទាប់។

គិតចាប់តាំងពីពាក់កណ្តាលខែមីនា ជនភៀសខ្លួនទាំងអស់ ដែលចាកចេញ ពីតំបន់ Ghouta ត្រូវបានការពារសន្តិ សុខដោយ កងកម្លាំងរដ្ឋាភិបាលស៊ីរី ដើម្បីបង្ការការវាយប្រហារពីក្រុមឧទ្ទាម។ មិន ថាតែជនស៊ីវិលនោះទេ គឺក្រុមឧទ្ទាម និងគ្រួសាររបស់ពួកគេ ក៏បាន និងកំពុង ចាកចេញពីទីក្រុងដ៏ធំនេះដែរ ខណៈរដ្ឋា ភិបាលស៊ីរី បានទន្ទ្រានគ្រប់គ្រងតំបន់ទាំងមូលបាន ៩០ភាគរយទៅហើយ គិតត្រឹម ថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា តំបន់ Ghouta ភាគខាង កើត គឺជាទីកន្លែងធ្វើកសិកម្មដ៏ធំមួយ ដែលមានផ្ទៃដី ១០៥គីឡូម៉ែត្រក្រឡា ហើយនៅក្នុងទន្ទ្រានគ្រប់គ្រងនេះ គ្រាប់ កាំភ្លើងធំជាច្រើន បានធ្លាក់ស្រោចស្ទើរ ពាសពេញទីក្រុងទៅហើយ ដែលជាហេតុបង្ខំឲ្យប្រជាជនត្រូវតែជម្លៀសខ្លួនចេញទៅកាន់តំបន់ក្បែរខាង ដែលមានភាពស្ងប់ ស្ងាត់។

ដោយឡែកបើតាម ទីភ្នាក់ងារមនុស្ស ធម៌របស់ UN វិញបានឲ្យដឹងថា ជនស៊ីវិល រងគ្រោះប្រមាណ ៤០០,០០០នាក់ ឯណោះកំពុងតែត្រូវការជំនួយចាំបាច់នៅក្នុងតំបន់ ខណៈដែលមនុស្ស ១,០០០ នាក់ ទៅហើយបានស្លាប់ គិតចាប់តាំងពី ចុងខែកុម្ភៈ។

រដ្ឋាភិបាលស៊ីរី ដណ្តើមគ្រប់គ្រងតំបន់ហ្គូតាខាងកើត ដែលជាជង្រុកពួកឧទ្ទាមជាប់រដ្ឋធានីចុងក្រោយបង្អស់ ស្ទើរតែទាំង ស្រុងហើយ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបើកប្រតិបត្តិការវាយប្រហារយ៉ាងសន្ធាប់ រយៈពេលជាងមួយខែ ហើយសរុបមាន ជនស៊ីវិលប្រមាណជាង១០៥.០០០នាក់ បានជម្លៀសខ្លួនចេញពីសមរភូមិហ្គូតា តាមច្រកមនុស្សធម៌ដែលរៀបចំឡើងដោយរុស្ស៊ី។

ក្រោមសន្ធឹកនៃការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់ និងការសម្រុកវាយប្រហាររបស់ទ័ពថ្មើរជើង ពួកឧទ្ទាមនិង ក្រុមប្រដាប់អាវុធកាន់កាប់តំបន់ហ្គូតា តាំង ពីឆ្នាំ២០១៣មក បាននាំគ្នាលើកទង់ជ័យចុះចាញ់មួយម្តងៗ តាំងពីពីរបីថ្ងៃមក និងក្រុមឧទ្ទាមចុងក្រោយគេបំផុត ទើប បានចុះហត្ថលេខាព្រមព្រៀងដោយបង្ខំជាមួយរុស្ស៊ី ជម្លៀសខ្លួនចេញ ពោលគឺព្រម ចុះចាញ់។

កាលពីថ្ងៃទី ២៤ ខែមីនា មានជនស៊ីវិល ប្រមាណ៧០០នាក់ អាចគេចចេញពីជង្រុកចុងក្រោយកាន់កាប់ដោយពួកឧទ្ទាម។ ជនភៀសខ្លួនទាំងនេះត្រូវបានបញ្ជូនទៅកាន់តំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល តាមរយៈគន្លងមនុស្សធម៌រៀបចំឡើងដោយអាជ្ញាធរស៊ីរី។ នេះបើតាមប្រភពទូរទស្សន៍ជាតិស៊ីរី។ ចំណែកពួកឧទ្ទាមប្រដាប់អាវុធ ត្រូវប្រគល់អាវុធធុនធ្ងន់ ផែនទីនៃផ្លូវរូង ក្រោមដី និងផែនទីចម្ការមីន ទៅឱ្យទាហាន រដ្ឋាភិបាលស៊ីរី។ នេះបើតាមប្រភពព័ត៌ មានហេសបូ៊ឡាលីបង់។ យុទ្ធជន១.៥០០ នាក់ ព្រមទាំងក្រុមគ្រួសារ ៥.៥០០នាក់ ត្រូវជម្លៀសបញ្ជូនទៅខេត្តអុីប៊ីល ភាគ ពាយ័ព្យប្រទេស ជាមួយក្រុមបះបោរផ្សេង ទៀត។

ការដណ្តើមបានក្រុងហ្គូតាខាងកើត ដែលធ្លាប់ជាឧទ្យានធម្មជាតិដ៏ស្រស់បំព្រងរបស់រដ្ឋធានីនៃប្រទេសស៊ីរី គឺជាតំណាងជោគជ័យយោធាដ៏ត្រចះត្រចង់របស់រដ្ឋាភិបាលលោក បាសាអាល់អាសាដ គិតចាប់តាំងការយកឈ្នះក្រុងអាឡិបនៅចុងឆ្នាំ ២០១៦មក។

តំបន់នេះ មានប្រជាជនរស់នៅ ប្រមាណ ៤០០.០០០នាក់ គិតមុនថ្ងៃបើក ប្រតិបត្តិការយោធា ថ្ងៃទី ១៨កុម្ភៈ ដែល បានសម្លាប់ជីវិតជនស៊ីវិលអស់ជាង ១.៦០០នាក់ ទាហានរបស់រដ្ឋាភិបាល ៤៨៥​នាក់ និងពួកឧទ្ទាម៣១០នាក់។ នេះបើតួលេខរបស់អង្គការអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print