សមុទ្រចិនខាងត្បូងវៀតណាមនិងចិនសន្យារក្សាសន្តិភាព

ចែករំលែក៖

កន្លងមកសមុទ្រចិនភាគខាងត្បូង គឺជាប្រធានបទក្តៅបំផុតនៅក្នុងតំបន់ ដោយ សារតែមានវិវាទ រវាងចិន នឹងប្រទេសតំបន់ អាស៊ាន ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសចិន នឹងប្រទេស ដែលមានវិវាទ បានល្អប្រសើរឡើងវិញ ក្នុងនោះមានទំនាក់ទំនងរវាងចិននឹងហ្វុីលីពីន ចិននឹងវៀតណាម។

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងចិននឹង វៀតណាម ប្រទេសទាំងពីរបានសន្យាថា នឹងចូលរួមចំណែករក្សាសន្តិភាពនៅតំបន់សមុទ្រចិនខាងត្បូង ជាទីសម្បូរទៅដោយ ធនធានឧស្ម័ន និងប្រេង ដែលប្រទេស ទាំងពីរ និងប្រទេសភាគីជម្លោះផ្សេងទៀត សុទ្ធតែប្រាថ្នាចង់បាន។ ចិនបានអះអាងពីដែនអធិបតេយ្យភាពរបស់ខ្លួន ស្ទើរតែស្រុងនៅតំបន់សមុទ្រចិនខាងត្បូង ស្របពេល វៀតណាម ប្រ៊ុយណេ ហ្វុីលីពីន តៃវ៉ាន់ និងម៉ាឡេស៊ី ក៏ទាមទារចំណែកគ្រប់គ្រង តំបន់នេះរៀងៗខ្លួនដែរ។ លើសពីនេះ ទៅទៀត ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនក៏បាន រាយការណ៍ផងដែរថា ចិនបានសាងសង់ មូលដ្ឋានយោធា និងពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅក្នុងតំបន់ជម្លោះ រហូតដល់វៀតណាមស្វះស្វែងផ្សារភ្ជាប់ ទំនាក់ទំនងជា មួយសហរដ្ឋអាមេរិក។

នៅក្នុងទីក្រុង ហាណូយ រដ្ឋមន្ត្រីការ បរទេសចិន លោក វ៉ាង យី និងសមភាគី វៀតណាម លោក ផាម ប៊ិញ មិញ (Pham Binh Minh) បានសន្យាថា ប្រទេសទាំងពីរនឹងចូលរួមចំណែករក្សាសន្តិភាព នៅតំបន់ សមុទ្រចិនខាងត្បូង ។
«ភាគីទាំងពីរគួរតែជៀសវាង រាល់ការ ចាត់វិធានការឯកតោភាគី ដែលនាំឱ្យសា្ថនភាពកាន់តែស្មុគស្មាញ ព្រមទាំងចូលរួម រក្សាសន្តិភាពនៅក្នុងតំបន់»។ នេះបើតាម ការគូសបញ្ជាក់របស់ លោក វ៉ាង យី ខណៈ លោក Pham Binh Minh អះអាងថា វៀត ណាម ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការងារជាមួយចិន ដើម្បីដោះស្រាយបញ្ហានានា។

គួរបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងរវាងសហរដ្ឋអាមេរិក នឹងវៀតណាម បានឈានដល់ចំណុចរបត់ថ្មីមួយគួរឱ្យកត់​សម្គាល់ ដែលត្រូវបានក្រុមអ្នកជំនាញខ្លះមើលឃើញថា ទីក្រុងហាណូយកំពុងចង់បានអាមេរិកជាគ្នា ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់។

ជាក់ស្ដែងកាលពីដើមខែមីនា កន្លងទៅ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយ គ្រឿង បានធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រមកកាន់ប្រទេសវៀតណាម គិត ចាប់តាំងពីឆ្នាំ១៩៧៥ មក។ មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន ថែមទាំងបានផ្ដល់នាវាល្បាត៦គ្រឿង និងបរិក្ខារមានតម្លៃជាង ២០លានដុល្លារ ឱ្យទីក្រុងហាណូយទៀតផង ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print