ភ្នំពេញ៖ ផលិតកម្ម LD Picture ដែលជាផលិតកម្មនាំមុខនៅកម្ពុជាបានប្រកាសពីការចេញផលិតខ្សែភាពយន្តថ្មីរឿង “កំពូលអ្នកសុំទានជួបស្នេហ៍”កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥។ ការបញ្ជាក់ពីការចេញផលិតខ្សែភាពយន្តបែបកំប្លែងសង្គមថ្មីនេះគឺស្របពេលដែលផលិតកម្មបាននឹងកំពុងបន្តបំពាក់បន្ថែមនូវឧបករណ៍ទំនើបៗមួយចំនួនប្រយោជន៍កាន់តែជំរុញឲ្យគុណភាពភាពយន្តកាន់តែមានកម្រិតខ្ពស់។
ខ្សែភាពយន្តដែលផលិតកម្ម LD Pictureបានផលិតនិងដាក់បញ្ចាំងនៅរោងភាពយន្តកន្លងមកសុទ្ធតែទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសបណ្តាយុវវ័យ។ ថ្មីៗនេះដែរផលិតកម្មមួយនេះបានរៀបចំពិធីក្រុងពលីចេញថតខ្សែភាពយន្តថ្មីដែលប្រមូលផ្តុំដោយតារាសម្តែង តារាកំប្លែងប្រុសស្រីជាច្រើននាក់។
លោក លៀក លីដា ចាងហ្វាងផលិតកម្ម បានបញ្ជាក់ថា ដោយសារការផលិតខ្សែភាពយន្តកន្លងមកទទួលបានជោគជ័យខ្ពស់ផលិតកម្មបានពង្រីក និងបង្កើនគុណភាពនៃការផលិតតាមរយៈការបញ្ជាទិញនូវឧបករណ៍ផលិតថ្មីទំនើបៗបន្ថែមពិសេសLen កាំមេរ៉ាដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយឲ្យរូបភាពខ្សែភាពយន្តកាន់តែច្បាស់ដែលឧបករណ៍នេះមានតម្លៃខ្ទង់ម៉ឺនដុល្លារនិងជាប្រភេទឧបករណ៍សម្រាប់ផលិតកុនតាមស្តង់ដានោះ។ លោកបន្តទៀតថា ខ្សែភាពយន្តដែលនឹងប្រើប្រាស់ឧបរណ៍ថ្មីទើបនឹងបញ្ជាទិញនេះគឺរឿង”កំពូលអ្នកសុំទានជួបស្នេហ៍”ដែលជាប្រភេទរឿងកំប្លែងបែបសង្គម និងមានទស្សនៈអប់រំនៅក្នុងនេះ។
លោកបន្តថារឿងនេះនិយាយពីប្រវត្តិអ្នកសុំទាន៤អ្នកបានប្រែក្លាយទៅជាអ្នកជំនួញហើយវានឹងក្លាយជាសមិទ្ឋិផល ទី១៤ហើយរបស់ផលិតកម្មហើយ ឆ្នាំ២០១៥នេះផលិតកម្មសម្រេចបានស្នាដៃមួយចំនួនដូចជារឿង«Two Father»រឿង«អ្នកលេងជើងខ្វេ»រឿង«ក្រឡអីហ្នឹងវគ្គ២»និងរឿង«អណ្តូងមរណៈ»ជាដើម។ ផលិតកម្មគ្រោងនឹងចំណាយពេលប្រមាណ៤ខែក្នុងការផលិតខ្សែភាពយន្តខាងលើ ក្រោមវត្តមានសម្តែងរបស់តារាល្បីៗជាច្រើនដូចជា អ្នកនាងសុខ សោម៉ាវត្តី នាយគ្រឿន កញ្ញា សាឡាត់ ស្រីឡា កញ្ញា ឡោម លក្ខិណា នាយ ប៊ីអាយជីលោក ជា សុវណ្ណនរាហ៍…។
លោករំពឹងដែរថា ខ្សែភាពយន្តនឹងកាន់តែទាក់ទាញជាមួយនឹងការសម្រិតសម្រាំងការផលិតជាមួយនឹងបច្ចេកទេស និងឧបករណ៍ទំនើប ។ ជាមួយគ្នានេះដែរ លោកក៏នៅតែមានចិត្តក្នុងការចេញថតខ្សែភាពយន្តទ្រង់ទ្រាយធំដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងទីផ្សារក្រៅប្រទេសផងដែរ ប៉ុន្តែ ពេលនេះលោកនៅមិនទាន់មានទុនគ្រប់គ្រាន់ និងត្រូវស្ទាបស្ទង់ទីផ្សារសិនមុនពេលចាប់ផ្តើមការផលិត។
កញ្ញា សុខ សោម៉ាវត្តី បញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលនាងចូលរួសម្តែងសម្រាប់ផលិតកម្ម LD Picture ដែលការទំនាក់ទំនងនាងនិងបុគ្គលិកអ្នកដឹកនាំរឿងមានលក្ខណៈជិតដិតដែលអាចដឹងអំពីទុក្ខធុរៈគ្នា។ នាងរំពឹងថា ការចេញថតខ្សែភាពយន្តថ្មីជាមយយនឹងបច្ចេកវិទ្យាកាន់តែទំនើបរបស់ផលិតកម្មនឹងអាចជួយឲ្យគុណភាពខ្សែភាពយន្តកាន់តែខ្ពស់និងអាចទាក់ទាញអ្នកទស្សនាខ្សែភាពយន្តរបស់ផលិតកម្មបានកាន់តែច្រើន ៕
ដោយ៖ វឌ្ឍនា