ខេត្តកោះកុង៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ បានលួចក្របីយកទៅកាប់យកសាច់លក់តែត្រូវសមត្ថកិច្ចស្រាវជ្រាវដឹងចាប់បានយកមកបង្ហាញមុខឲ្យមហាជនមើលជុំវិញផ្សារ ខណៈប្រជាពលរដ្ឋជាម្ចាស់ក្របីប្រាប់ថា គាត់បានបាត់ក្របី១ក្បាល នៅយប់ថ្ងៃព្រហស្បតិ៍ ៥ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ម្ចាស់ក្របីមាន ឈ្មោះ ស៊ឹម កូលាប ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ចំណែកជនសង្ស័យមានគ្នា ២នាក់ រត់រួចម្នាក់ ដោយជនសង្ស័យម្ណកា់ចាប់បានមានឈ្មោះ ហង់ វិច្ចរា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ មានមុខរបរមិនពិតប្រាកដ។ រីឯជនសង្ស័យដែលរត់គេចខ្លួន មានឈ្មោះ រ៉ា ភេទប្រុសអាយុ ប្រហាក់ប្រហែលគ្នា។
នាយនគរបាលប៉ុស្តិ៍ស្មាច់មានជ័យបានឲ្យដឹងថា ពីន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាម លោកបានចាត់កម្លាំងទាំងយប់ ដើម្បីស្វែងរកជនសង្ស័យនិងក្របី។ ក្រោយមកបានរកឃើញទាំងក្របី ទាំងជនសង្ស័យ កំពុងចាក់កក្របី សម្លាប់យកសាច់ទៅលក់ស្ថិតនៅជិតដងផ្លូវជាតិលេខ៤៨ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក៏ឃាត់ខ្លួនយកទៅបង្ហាញមុខឲ្យមហាជនមើលជុំវិញផ្សារនាព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ។
ស្រ្តីរងគ្រោះបានឲ្យដឹងថា ក្របីរបស់គាត់មានចំនួន១១ក្បាល ពេលយប់គាត់ចងក្នុងក្រោលជាធម្មតា ដល់ពេលជិតភ្លឺគាត់ បានចុះមកមើលក្របី ហើយរាប់ដូចសព្វដងស្រាប់តែឃើញតែ ១០ក្បាលបាត់១ក្បាល គាត់ក៏ដើររកអត់ឃើញ បានរត់មកប្តឹងសមត្ថកិច្ចតែម្តង ។ក្រោយមកសមត្ថកិច្ចស្រាវជ្រាវដឹងក៏ចាប់ខ្លួនជនសង្ស័យបានម្នាក់ ឯម្នាក់ទៀតរត់បាត់។
ចំណែកអ្នកជិតខាងម្នាក់ទៀតបានអះអាងថា គាត់ក៏ធ្លាប់បាត់ក្របី អស់ ២ក្បាលដែរ ប៉ុន្មានខែមុននេះ ពេលរកឃើញ សល់តែឆ្អឹងស្បែកនិងក្បាលនៅក្នុងព្រៃកួរឲ្យអាណិតក្របីណាស់ ៕