តំណាងលោកអូស្មាន ហាស្សាន់៖ សមាគមសិស្សនិស្សិតកម្ពុជានៅតួរគីនឹងចូលរួមចំណែកជំរុញទំនាក់ទំនងកម្ពុជា-តួរគីឲ្យកាន់តែល្អប្រសើរឡើងថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីកិច្ចជំនួបប្រជុំសន្និបាតពិភពលោក ស្តីអំពីជនជាតិភាគតិចមុស្លីមពិភពលោក ដែលមានវត្តមានតំណាងពីប្រទេសកម្ពុជា២រូប ដែលមាន លោកស្មាន ម៉ាណាន អគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសអេសុីប និង លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាង លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកក៏បានរៀបចំអោយមានជំនួបសំណេះ សំណាលជាមួយសមាគមសិស្សនិស្សិតកម្ពុជានៅតួរគី ហើយ ក៏បានបញ្ញាក់ថា៖ ការដែលសមាគមមួយនេះត្រូវបានទទួលស្គាល់ជាផ្លូវការពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា នឹងជាចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យបានកាន់តែប្រសើរទៅមុខទាំងវិស័យការទូត សេដ្ឋកិច្ច វប្បធម៌ និងការយល់ដឹងពីគ្នាទៅវិញទៅមក។

ជំនួបនេះ ធ្វើឡើងនៅសមាគមវិទ្យាសាស្ត្រនិងវប្បធម៌នៃទីក្រុងអុីស្តានប៊ុល កាលពីរាត្រីថ្ងៃសុក្រ ៦កើត ខែ ពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ ក្នុងនោះដែរក៏មានតំណាងមកពី សមាគមពាក់ព័ន្ធផ្សេងៗទៀតនៅប្រទេសតួរគី ចូលរួមផងដែរ ។

លោកតាំ សាគីរីន ប្រធានសមាគមនិស្សិតកម្ពុជា នៅតួរគី បានឡើងបង្ហាញពីបញ្ហា និងសកម្មភាពកន្លងទៅរបស់សមាគម ក៏ដូចជាគោលដៅ និងគម្រោងផែនការតទៅមុខ ដើម្បីធ្វើយ៉ាងណាឲ្យសកម្មភាពរួមអាចដំណើរ ការទៅមុខដោយជោគជ័យ ក៏ដូចជាសមស្របទៅនឹង ដំណើរការទំនាក់ទំនងមិត្តភាពការទូត វិនិយោគសេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ។

លោកណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្រើនរំឭក ដល់សិស្សានុស្សិតខ្មែរដែលកំពុងបន្ដការសិក្សានៅទីនេះ ដោយឲ្យផ្តោតសំខាន់ទៅលើការអភិវឌ្ឍបំណិនជីវិត រៀនសហការគ្នាធ្វើការជារួម  បន្ថែមពីលើមុខជំនាញកំពុងសិក្សា ព្រោះវាជាកត្តាចំបងក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជានាពេលខាងមុខ។
លោកបានបន្ដថា៖ រដ្ឋាភិបាលតែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍចំណេះដឹង ចំណេះធ្វើ និងសមត្ថភាពទំនាក់ទំនងសហការគ្នាធ្វើការ របស់សិស្សានុសិស្សទាំងក្នុង និងក្រៅប្រទេស និងចាត់ទុកកត្តាអប់រំយុវជនជំនាន់ក្រោយ ជាចំណុចសំខាន់មួយក្នុងការសម្រេចឲ្យបាននូវគម្រោងផែនការយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល។

អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអេសុីប លោក ស្មាន ម៉ាណាន បានបញ្ជាក់ថា៖ ការអភិវឌ្ឍចំណងមិត្តភាពកម្ពុជា-តួរគី លើវិស័យការទូត ហើយនិងបានចាត់ទុកសិស្សនិស្សិតកម្ពុជាដែលបន្តការសិក្សានៅទីនោះ ថាជាយុវទូតកម្ពុជា រក្សាចំណងមិត្តភាព ទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច និងជាធនធានដ៏សំខាន់សម្រាប់បេសកម្មពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតទៅមុខ។

លោក បានកោតសរសើរអំពីគំនិតផ្តួចផ្តើមប្រមូលផ្តុំសិស្សានុស្សិតរួមគ្នាជាសមាគម រួមគ្នាធ្វើការ និងជួយគ្នាទៅវិញទៅមក។ លោក ក៏បានស្នើឲ្យតំណាងពីស្ថាប័ន និងសមាគមដែលពាក់ព័ន្ធនៅតួរគី ជួយរួមសហការគាំទ្រជ្រោម ជ្រែង ដល់សកម្មភាពរបស់សមាគមនេះនៅថ្ងៃខាងមុខឲ្យ បានដំណើរការទៅរលូន និងជោគជ័យ។

សូមបញ្ជាក់ថា៖ ប្រទេសតួគី មានសក្តានុពលខ្ពស់លើវិស័យអប់រំ សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយទាំងក្នុងតំបន់ និងពិភពលោក ហើយរដ្ឋាភិបាលប្រទេសតួគីបានចាប់ផ្តើមផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ចាប់ តាំងពីឆ្នាំ២០១៤ ហើយសព្វថ្ងៃមានសិស្សតែ២៤នាក់ ប៉ុណ្ណោះដែលទទួលបានអាហារូបករណ៍នេះក្នុងកំឡុងពេលបីឆ្នាំចុងក្រោយនេះ ដើម្បីជាធនធានសម្រាប់ចំណងមិត្តភាព និងការទូតរវាងប្រទេសកម្ពុជា-តួគី ទាំងពីរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print