កណ្ដាលៈ មនុស្ស២នាក់ទទួលរងរបួសធ្ងន់ ខណៈជិះម៉ូតូបុកគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ម៉ូតូបង្កម៉ាកឌូក ពណ៌ស ពាក់ស្លាកលេខកណ្តាល 1W-3826 ជិះដោយឈ្មោះ យឿន រតនះ អាយុ២0ឆ្នាំ មានទីលំនៅភូមិតាដោល ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (រងរបួសធ្ងន់ បាក់ជើងឆ្វេង) ។ ចំណែកម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GP-9854 ជិះដោយឈ្មោះ ជឹប ញ៉េន អាយុ២៦ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំប្រភ្នំ ស្រុកអង្គរជយ័ ខេត្តកំពត (របួសធ្ងន់បាក់ដៃស្តាំ និងជើងស្តាំ) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូបង្កម៉ាឌូកបើកលើកំណាត់ផ្លូវជាតិលេខ២ ក្នុងទិសដៅពីតាកែវមកភ្នំពេញ លុះជិះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីមពេញមួយទំហឹង ជិះដោយឈ្មោះ ជឹប ញ៉េន ដែលធ្វើដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទាំងគ្រឿងទទួលរងបួសធ្ងន់តែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសាមុយដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីររាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ