មេដឹកនាំចិន និងឥណ្ឌាជួបប្រជុំកំពូលក្រៅផ្លូវការ បន្ទាប់ពីជម្លោះបញ្ហាព្រំដែន

ចែករំលែក៖

ប្រធានាធិបតីចិន លោក ស៊ី ជីនីង និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានព្យាយាមកែសម្រួលទំនាក់ទំនង ដែលធ្លាប់តែតានតឹងនោះ នៅឯកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃសុក្រទី២៧ ខែមេសា បន្ទាប់ពីជម្លោះបញ្ហាព្រំដែនធ្វើឲ្យដាច់ទំនាក់ទំនងគ្នាកាលពីឆ្នាំមុននោះ ។

លោកស៊ី ជីនពីង ធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំជាមួយលោក ម៉ូឌី ជាអ្វី ដែលគេពិពណ៌នាថា “កិច្ចប្រជុំកំពូលមិនផ្លូវការ” នៅឯក្នុងទី ក្រុង Wuhan ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ សប្តាហ៍នេះ ។

កាលពីឆ្នាំមុនភាគីទាំងពីរបានដោះស្រាយភាពតានតឹងកម្រិតខ្ពស់មួយនៅឯតំបន់ភ្នំ Himalayas ។ ប្រទេស ដែលមានប្រជាពលរដ្ឋច្រើនបំផុតក្នុងលោកនេះ​មានប្រវត្តិមិនជឿទុកចិត្តគ្នាយូរលង់ណាស់មកហើយ ។

ទីក្រុងញូវដេលីបានព្រួយបារម្ភលើគម្រោង ខ្សែក្រវ៉ាត់ និងផ្លូវ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មពិភពលោកមួយរបស់ប៉េកាំង ។ គម្រោងនេះបានរត់កាត់តំបន់កាស្មៀរ ដែនដីគ្រប់គ្រងដោយប៉ាគីស្ថាន ប៉ុន្តែកំពុងមានជម្លោះជាមួយទី ក្រុងញ៉ូដេលី ។ ឥណ្ឌាអះអាងថា ប៉ាគីស្ថានកាន់កាប់ដែនដីនេះដោយខុសច្បាប់ ។

លោក Harsh Pant សាស្រ្តាចារ្យសាកលវិទ្យាល័យ King’s College London បានប្រាប់ AFP ថា: «កិច្ចប្រជុំកំពូលនេះជាការប៉ុនប៉ងដោយបំណងល្អរបស់ទីក្រុងញូវដេលីដើម្បីឈានដល់ក្រុងប៉េកាំងពិនិត្យមើលថា តើរឿងអតីតកាលអាចដាក់នៅពីក្រោយខ្នងឬយ៉ាងណា ប្រសិនបើទំនាក់ទំនងអាចត្រូវបានកំណត់ឡើងវិញ» ។

លោកស៊ី ជីនពីង និង ម៉ូឌី មានទំនាក់ទំនង«ល្អ» ទាំងការងារ និងមិត្តភាព ។

លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃអង្គារថា “ភាគីទាំងពីរបានព្រមព្រៀងថា កិច្ចប្រជុំក្រៅផ្លូវការ គឺជាគំនិតល្អមួយ ដែលមេដឹកនាំទាំងពីរ ផ្លាស់ប្តូរគ្នាយ៉ាងស៊ីជម្រៅទាក់ទងការព្រួយបារម្ភលើបញ្ហាសំខាន់ៗ ក្រោមបរិយាកាសសមស្រប” ។

ជម្លោះព្រំដែន

ប្រទេសទាំងពីរប្តេជ្ញាចិត្តថាដោះស្រាយការខ្វែងគំនិតគ្នាតាមព្រំដែនដែលអូសបន្លាយយូរអង្វែងមកហើយ តាមរយៈការសន្ទនា ប៉ុន្តែមិនហ៊ានប្រាកដថា មានផលវិជ្ជមាននោះទេ ។

ឥណ្ឌា និងចិនបានផ្ទុះសង្រ្គាមនៅឆ្នាំ១៩៦២ នៅតំបន់ Arunachal Pradesh ហើយគ្រានោះ កងទ័ពចិនបានកាន់កាប់ជាបណ្ដោះអាសន្នដែនដីតំបន់ភ្នំ Himalayan ។

ជម្លោះមួយកន្លែងនេះនៅតែមិនទាន់អាចដោះស្រាយគ្នាបានឡើយ ដោយឥណ្ឌាចាត់ទុកថា ទឹកដីArunachal Pradesh ជារដ្ឋមួយនៅភាគឦសានប្រទេសរបស់ខ្លួន រីឯភាគីចិនថា នៅទីនោះមានកម្មសិទ្ធរបស់ខ្លួនទំហំប្រហែល90.000 គីឡូម៉ែត្រការ៉េផងដែរ ។

កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ ទីក្រុងប៉េកាំងធ្វើបាតុកម្មខឹងសម្បារយ៉ាងខ្លាំងទៅលើដំណើរទស្សនកិច្ចលោក ម៉ូឌី ទៅកាន់តំបន់មានជម្លោះខាងលើនេះ ។

ឆ្នាំ២០១៧ កងទ័ពឥណ្ឌា និងកងទ័ពចិនប្រឈមមុខដាក់គ្នាចង់ស៊ីសាច់ហុតឈាម នៅលើដីខ្ពង់រាប Doklam ស្ថិតនៅជួរភ្នំ Himalayas ដែលភាគីទាំងពីរសុទ្ធតែអះអាងថាជារបស់ផងខ្លួន ។ ចិន និងឥណ្ឌា ជាសម្ព័ន្ធមិត្ត ប៊ូតាន (Bhutan)ជាមួយគ្នា ។

ជម្លោះមួយនេះបានផ្ទុះឡើងនៅខែមិថុនា ពេលកងទ័ពចិនកសាងផ្លូវនៅលើតំបន់ខ្ពង់រាប ហើយ ឥណ្ឌាបានដាក់ពង្រាយកងទ័ពដើម្បីបញ្ឈប់គម្រោងទាំងនោះ ។

ប៉ុន្តែវិបត្តិនេះបានធូរស្រាលមកវិញនៅក្នុងខែសីហា ពេលដែលប្រទេសមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានព្រមសុខចិត្តដកកងទ័ពរបស់ខ្លួន ។

លោក Wang Dehua អ្នកឯកទេសខាងអាស៊ីខាងត្បូង និងកណ្តាលនៃសាលាវិទ្យាសាស្ត្រសង្គម ស៊ាងហៃ បាននិយាយថា យើងត្រូវតែបោះចោលស្រមោលនៃសង្គ្រាមឆ្នាំ 1962 ។ កិច្ចប្រជុំនេះ ផ្តោតលើការជៀសវាងព្រឹត្តិការណ៍មិនសប្បាយចិត្ត ដូចដែលយើងបានឃើញនៅតំបន់ Doklam កាលពីឆ្នាំមុន ។

លោក ម៉ូឌី នឹងវិលត្រឡប់មកកាន់ប្រទេសចិនម្តងទៀត នៅក្នុងខែមិថុនា ដើម្បីចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ អង្គការសន្តិសុខ ដឹកនាំដោយទីក្រុងប៉េកាំង និងមូស្គូ ។

ក្រុមអ្នកវិភាគជនជាតិឥណ្ឌាបានចង្អុលបង្ហាញនូវហេតុផលជាក់ស្តែងមួយសម្រាប់លោក ម៉ូឌី ចង់បានទំនាក់ទំនងល្អជាមួយប្រទេសចិន ។ លោកម៉ូឌី ប្រឈមការបោះឆ្នោតជាតិឆ្នាំក្រោយនេះ ហើយលោកអាចនឹងមានទំនាក់ទំនងល្អជាមួយប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោកនេះ ។

អ្នកវិភាគ Pant បាននិយាយថា “ខ្ញុំមិនគិតថា គាត់ចង់ឈ្នះការបោះឆ្នោតដោយសារតែទំនាក់ទំនងនោះឡើយ, សន្ទុះគាំទ្រមានការធ្លាក់ចុះ ដូចដែលធ្លាប់ជួបប្រទះរួចមកហើយកាលពីឆ្នាំមុន” ។

ដោយសារប្រទេសចិនកំពុងប្រឈមមុខនឹងសង្គ្រាមសេដ្ឋកិច្ចដ៏មានសក្តានុពលជាមួយរដ្ឋអាមេរិក, ទីក្រុងប៉េកាំង និងញូវដេលីអាចស្វែងរកមូលដ្ឋានរួមមួយស្តីពីពាណិជ្ជកម្មអន្តរជាតិ ។

លោកបានមានប្រសាសន៍ថា “វាជាបញ្ហាមួយក្នុងចំណោមបញ្ហាដទៃទៀត ដែលប្រទេសឥណ្ឌា និងចិនបានធ្វើរួមគ្នានៅឆាក់អន្តរជាតិកាលពីអតីតកាល” ៕ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print