ភ្នំពេញ៖មន្ត្រីតុលាការ បង្ហើបឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នេះ ថា ដោយសារកត្តាសុខភាពទើបតុលាការអនុញ្ញាតឱ្យលោក ញឹក ប៊ុនឆៃ ស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ។
ជាមួយគ្នានេះ លោក ញឹក ប៊ុនឆៃ នឹងក្លាយជាប្រធានគណបក្សខ្មែររួបរួមជាតិ ឡើងវិញ ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាតិ នាខែកក្កដា នេះ។
បញ្ហាសុខភាពអ្វីជាក់លាក់នោះ គឺ ពុំត្រូវបានមន្ត្រីតុលាការបង្ហើបឱ្យដឹងនោះទេ ។
សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លី លឹមម៉េង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានចេញដីកាដោះលែងលោក ញឹក ប៊ុនឆៃ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ លោក ញឹក ប៊ុនឆៃ ដែលត្រូវបានចោទប្រកាន់ចំនួន២បទល្មើស ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីឆ្នាំ២០០៧ ហើយត្រូវតុលាការឃុំខ្លួន អស់រយៈពេលជិត១ឆ្នាំ។
លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកត្រូវបានចោទប្រកាន់ពីបទ សមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧៕ចេស្តា