ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំមន្រ្តីជំនាញ ពាក់ព័ន្ធចុះត្រួតពិនិត្យ ទប់ស្កាត់ និងហាមឃាត់ចំពោះ រថយន្តទាំងឡាយណា ដែលមានការកែច្នៃ ខុសបច្ចេកទេស កាលពីយប់ថ្ងៃសុក្រទី០៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានព្រែកព្នៅ ក្នុងនោះរដ្ឋបាលខណ្ឌព្រែកព្នៅបានឃាត់យករថយន្តដឹកសំពីងសំពោងលើសចំណុះចំនួន ០៦គ្រឿងយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដើម្បីធ្វើការណែនាំ និងដោះស្រាយ។
ក្នុងការចុះត្រួតពិនិត្យនេះ ដឹកនាំដោយ លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក ,ត្រួតពិនិត្យរថយន្តធុនធ្ងន់តទ្រុងខុសបច្ចេកទេស និងត្រួតពិនិត្យអាវុធជាតិផ្ទុះចាប់ពីវេលាម៉ោង២០:៣០នាទី ដល់ម៉ោង២២:០០នាទីយប់។ កម្លាំងចូលរួមសរុបចំនួន ៥៣នាក់ កម្លាំងPLសង្កាត់-ខណ្ឌចំនួន ១៥នាក់ ។ កម្លាំងPMខណ្ឌចំនួន : ១៥នាក់។ មន្ត្រីសាលាខណ្ឌចំនួន ០៨នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ចំនួន ១៥នាក់។
ជាលទ្ធផល ត្រួតពិនិត្យរថយន្តធំ (ធុនធ្ងន់) ឆ្លងកាត់ចំនួន : ២៧គ្រឿង , បាននាំយករថយន្តដឹកសំពីងសំពោងលើសចំណុះចំនួន : ០៦គ្រឿងយកទៅរក្សាទុកទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដើម្បីធ្វើការណែនាំ និងដោះស្រាយ និងពុំមានរថយន្តតទ្រុងខុសបច្ចេកទេសឆ្លងកាត់ឡើយ។ ត្រួតពិនិត្យរថយន្តតូចឆ្លងកាត់ចំនួន ២២គ្រឿង។ ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៣៥គ្រឿង។ ត្រួតពិនិត្យអាវុធជាតិផ្ទុះឆ្លងកាត់ គ្មាន។ ត្រួតពិនិត្យសារជាតិញៀនឆ្លងកាត់ ។
លោក ស៊ឹម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅបានឱ្យដឹងក្នុងពេលចុះត្រួតពិនិត្យនោះថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយ មន្រ្តី មន្ទីរសាធារណៈការ បានចុះត្រួតពិនិត្យជាប្រចាំនៅតាមគោលដៅមួយចំនួន ដែលបានកំណត់ ជាក់ស្តែងនៅថ្ងៃទី០៤ឧសភានេះ យើងបានដាក់ត្រួតពិត្យនៅគោលដៅចំណុចគល់ស្ពានព្រែកព្នៅ ហើយឃាត់យករថយន្តដឹកសំពីងសំពោងលើសចំណុះចំនួន០៦គ្រឿងយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដើម្បីធ្វើការណែនាំ និងដោះស្រាយ។
លោក អះអាងថា គណៈបញ្ជាការឯកភាព ខណ្ឌព្រែកព្នៅ នឹងបន្តអនុវត្តដាក់កម្លាំង ហាមឃាត់មិនឱ្យរថយន្ត ដឹកសំពីងសំពោង រថយន្តដឹកទំនិញធុនធំ ចូលក្នុងក្រុងនោះឡើយ គឺត្រូវបញ្ជៀសចេញទៅខាងក្រៅក្រុងតាម ផ្លូវជាយក្រុងមួយចំនួន ដូចជាទៅតាមផ្លូវទំនប់កប់ស្រូវជាដើម ជាពិសេសគឺឆែកអាវុធជាតិផ្ទុះ និងគ្រឿងញៀន បទល្មើសគ្រប់ប្រភេទធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៍ដូចជាប្រជាពលរដ្ឋទូទៅផងដែរ៕