នគរបាលខេត្តព្រះវិហារចាប់ខ្លួនអតីតអនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្រោយក្លែងឯកសារលួចលុយជិត៧សែនដុល្លារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នគរបាលខេត្តព្រះវិហារបានចាប់ខ្លួនអតីតអនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ឈ្មោះ មាស សំអឿន អាយុ៣៣ឆ្នាំ សព្វថ្ងៃរស់នៅភូមិ អណ្ដូងជា ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅចំណុចខាងលិចរង្វង់មូលស្រអែម ចំងាយ១០០ម៉ែត្រ ផ្លូវជាតិលេខ៦៩បេ នៅភូមិ ស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយពីក្លែងឯកសារលួចលុយកាកបាទក្រហមខេត្តរាប់សែនដុល្លារ។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារបានប្រាប់ឲ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងនគរបាលរបស់លោកចាប់ខ្លួន បានកាលពីរសៀលថ្ងៃទី៣ ខែឧសភា រួចបញ្ជូនទៅឲ្យនគរបាលខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។ ចំពោះទឹកប្រាក់ដែលជនសង្ស័យរូបនេះ បានស៊ីដាច់នោះលោកស្នងការមិនទាន់ដឹងច្បាស់នោះទេ គ្រាន់តែដឹងមានចំនួនច្រើន។

ចំណែកស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏មិនអាចបញ្ជាក់លម្អិតអំពីចំនួនទឹកប្រាក់បានដែរ តែលោកបានបញ្ជាក់ថា ជនសង្ស័យមិនមែនប្រព្រឹត្តតែម្នាក់ឯងនោះទេ ពោលនៅមានបក្ខពួកផ្សេងទៀត ដែលលោកកំពុងតាមប្រមាញ់។

យោងតាមរបាយការណ៍របស់នគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា នៅរសៀលថ្ងៃទី៣ ខែឧសភា កម្លាំងអធិការស្រុកជាំក្សាន្ត បានសហការជាមួយកម្លាំងស្នងការខេត្តព្រះវិហារ និងកម្លាំងស្នងការខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី កែវ ចំរើន ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តព្រះវិហារ បានចាប់មុខសញ្ញាតាមដីការលេខ 1915 ត.ព្រ ចេញដោយលោកចៅក្រមជំរុំជម្រះ សួន សំណាង នៃសាលាដំបូងខេត្តកំពង់ចាម នៅចំណុចខាងលិចរង្វង់មូលស្រអែម ចំងាយ១០០ម៉ែត្រ ផ្លូវជាតិលេខ៦៩បេ ស្ថិតនៅភូមិ ស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពីបទ «រំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល និងបទក្លែងបន្លំឯកសារសាធារណៈ» ដែលប្រព្រឹត្តថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ទាក់ទងនិងករណីបាត់លុយកាកបាទក្រហមខេត្តនេះដែរកន្លងមកហាក់ដូចជាមានការលាក់លៀមនូវពត៍មាននេះខ្លាំងណាស់ តាំងពីថ្នាក់លើរហូតដល់ថ្នាកក្រោមនៅក្នុងខេត្តកំពង់ចាម ។

បច្ចុប្បន្នជនសង្ស័យត្រូវចាប់ខ្លួនឈ្មោះ មាស សំអឿន ត្រូវបាននគរបាលខេត្តកំពង់ចាមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print