ខេត្តក្រចេះ ៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានអោយអង្គភាពនគរដេ្រហ្គនដឹងនៅថ្ងៃ ទី៧ ខែឧសភា ឆ្នាំ២០១៨យ៉ាងដូច្នេះថា ចាប់ពីថ្ងៃទី ០៣ រហូតដល់យប់ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៨ គិតត្រឹមម៉ោង ២១ៈ០០នាទី ករណីប្រជាពលរដ្ឋពុលទឹក នៅចំណុចនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី មានមនុស្សស្លាប់ សរុប ចំនួន ១១ នាក់ ( ស្រី ០៦ នាក់ ) និងមានអាការៈមិនស្រួល សរុបចំនួន ១៤៨ នាក់ស្រី ៧០ នាក់ ដែលបានបញ្ជូនមក សង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។
យោងតាមការសន្និដ្ឋានរបស់មន្ទីរសុខាភិបាលខេត្តក្រចេះ ករណីពុលទឹកកើតឡើងនៅចំណុចភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
ដោយឡែក រដ្ឋបាលខេត្តក្រចេះនៅថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយប្រាប់ឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងព្រែកទេរ និងដៃព្រែកទេរ បញ្ឈប់ការបរិភោគ និងប្រើប្រាស់ទឹកព្រែកទេរ និងទឹកតាមដៃព្រែកទេរ និងប្រភពទឹកមិនមានអនាម័យក្នុងតំបន់នោះ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា «ដើម្បីធានាសុវត្ថិភាព និងបង្កាគ្រោះថ្នាក់បន្ថែមទៀត សូមបងប្អូនប្រជាពលរដ្ឋរស់ នៅតាមបណ្តោយដងព្រែកទេរ និងដៃព្រែកទេរ បញ្ឈប់ការបរិភោគ និងប្រើប្រាស់ទឹកព្រែកទេរ និងទឹកតាមដៃព្រែកទេរ និងប្រភពទឹកមិនមានអនាម័យក្នុងតំបន់នោះ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បន្តជួបគ្រោះអាសន្ន ឬបានទទួលដំណឹងទាំងនេះ សូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់ ជូនភ្នាក់ងារមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែលឈរជើងនៅភូមិសាស្រ្តនោះ» ៕ នគរដ្រេហ្គន