ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា និងរួមដំណើរដោយបុរសម្នាក់ទៀត បានបើករថយន្តមួយគ្រឿងបុកចូលផ្ទះវីឡាមួយកន្លែង បណ្តាលឲ្យបាក់ទ្វារផ្ទះអស់មួយចំហៀង និងបន្តទៅបុកថូផ្ការួចទុករថយន្តចោលរត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៨និង ៣០នាទីយប់ថ្ងៃទី៦ ខែឧសភា ឆ្នា២០១៨ ស្ថិតនៅតាមផ្លូវបេតុងគ្មានលេខ ច្រកចូល មណ្ឌលសុខភាព ភ្នំពេញថ្មី កែងនិងផ្លូវ២៨គ្រួសារ ភូមិដីថ្មី សង្កាតគោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីបុរសម្នាក់រស់នៅនឹងកន្លែងកើតហេតុបានឆែកមើលកាមេរ៉ាសុវត្ថិភាពប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានឃើញបុរស ៣នាក់ម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក និង ២នាក់ទៀតជិះរថយន្តមួយគ្រឿងម៉ាក Hyundai Atos ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-0815 បានឈប់និយាយគ្នានៅក្បែរកន្លែងកើតហេតុប្រមាណជាង៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ម៉ោងកើតហេតុរថយន្តបង្កបានបើកចេញមករួចរេចង្កូតមកខាងឆ្វេងដៃបុកទម្លុះទ្វារផ្ទះអស់មួយចំហៀង រួចបន្តចូលទៅក្នុងផ្ទះទៅបុកថូផ្កាបែកអស់មួយទៀត ហើយរថយន្តបង្កកល់ជាប់ទៅមុខលែងរួច។
ប្រភពដដែលបានបន្តទៀតថា ក្រោយហេតុ ការណ៍ បុរសទាំង២នាក់បានបើកទ្វាររថយន្តចេញមកក្រៅផ្ទះរួចឡើងជិះម៉ូតូមួយគ្រឿងដែលឈប់ចាំនៅខាងក្រៅគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តជាប់ហ្គារោទ៍ឡើងឆ្ងៀមធ្វើឲ្យអ្នករស់នៅក្នុងផ្ទះបាននាំគ្នាយកបំពង់ពន្លត់អគ្គិភយ័បាត់ពន្លត់កុំឲ្យមានអគ្គីភយ័ឆាបឆេះឡើង។
បន្ទាប់ពីកើតហេតុុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកយករថយន្តបង្កទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕ជ្រោយពេជ្រ