ខេត្តកណ្តាល៖ បុរសម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបើកឆ្លងផ្លូវ បណ្តាលឲ្យដួលបោកបែកក្បាលស្លាប់យ៉ាងអណោចអធ័ម ។ ដោយឡែកអ្នកបើកបរម៉ូតូឆ្លងផ្លូវនោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹក បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកខ្សាច់កណ្តាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៩ និង ១០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវលេខ៣៨៣ ស្ថិតក្នុងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ យិន គិ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1D-5408 ។ ចំណែកឯភាគីម្ខាងទៀតឈ្មោះ ជឿន ម៉ៅ ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AR-1481 ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AR-1481 បើកបរតាមបណ្តោយផ្លូវលេខ៣៨៣ ក្នុងទិសដៅពីលិចទៅកើត ។ ពេលបើកដល់ចំណុចកើតហេតុខាងលើនេះអ្នកបើកបរម៉ូតូបានបើកម៉ូតូបត់ឆ្លងផ្លូវទៅឆ្វេងដៃ ស្របពេលនោះម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1D-5408 បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់គេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់បុកពេញមួយទំហឹង បណ្តាលឲ្យភាគីម្ខាងស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ រីឯភាគីម្ខាងទៀតរងរបួសធ្ងន់ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កដោយភាគីម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AR-1481 ដែលបានបើកបត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យម៉ូតូបើកបញ្ច្រាសទិសគ្នាគេចមិនទាន់ជាន់ហ្វ្រាំងមិនជាប់ក៏បុកចំពេញមួយទំហឹងតែម្តង ។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ