ភ្នំពេញ: ឆ្លងចរន្តអគ្គិសនី ឆាបឆេះស្លាកយីហោ ហាងម៉ាស្សា មួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្តាលអធ្រាត្រ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ ផ្អើលនេះបានកើតឡើងកាលាពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចហាងម៉ាស្សាយីហោដឺឡាគួ នៅតាមបណ្តោយផ្លូវលេខ២៦៥កែងនិងផ្លូវលេខ២១០ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពពីបុក្គលិកបម្រើការងារនៅនឹងកន្លែងកើតហតុខាងលើបានឲ្យដឹងថា មុននឹងមានអគ្គិភ័យឆាបឆេះស្លាកយីហោនៅចំណុចកើតហេតុខាងលើនេះ រូបគាត់បានឃើញចរន្តអគ្គិសនីឆ្លងចេញជាអណ្តាតភ្លើងហើយឆេះស្លាកយីហោធ្វើពីជ័រដាក់តាំងនៅនិងមុខជាប់នឹងជញ្ជាំងហាងម៉ាស្សាកម្ពស់ពីដីប្រមាណជា៤ទៅ៥ម៉ែត្រ។ ភ្លាមៗនោះបុក្គលិកដែរបម្រើការនៅនឹងកន្លែងកើតបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍ ព្រមទាំងប្រជាពលរដ្ឋនិងបុក្គលិកហាងម៉ាស្សាម្នាក់បានកាន់ដងអំបោសឡើងទៅកន្លែងដែលឆេះវាយអណ្តាតភ្លើងឲ្យរលត់ទៅវិញភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីមើលសភាពការណ៍នៅនឹងកន្លែងកើតហេតុពិតជាបានរលត់ទាំងស្រុង ហើយការខូចខាតតិចតួចប៉ុណ្ណោះ និងមិនបង្កឲ្យមានអ្នកណារងរបួសទេ ៕ជ្រោយពេជ្រ