ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ រីឯស្ត្រីម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីជនរងគ្រោះទាំង២នាក់នេះជិះម៉ូតូសណ្តោយរ៉ឺម៉កដឹកគ្នាបើកបោះពួយទៅបុកគូថរថយន្តឈប់ស្ងៀម នៅលើចិញ្ចើមផ្លូវជាតិលេខ៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតក្នុងភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល កាលពីវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន រីឯជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹក បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុក ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ទី ណារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិពោមាស ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ជាអ្នកបើកបរម៉ូតូសណ្តោយរ៉ឺម៉ក រីឯអ្នករួមដំណើរជាមួយរងរបួសធ្ងន់នោះមានឈ្មោះ អ៊ឹម រីមចា ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម3A-3153 មានដឹកគ្រឿងចក្រឈូសដីមួយគ្រឿង បើកបរដោយឈ្មោះ ស៊្រុន ស្រឿន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិព្រីង ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះសាក្សីបានឃើញរថយន្តខាងលើបើកបរតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីលិចទៅកើត ពេលបើកដល់ចំណុចកើតហេតុរថយន្តខាងលើនេះបានខូច(ដាច់ភ្លើងហ្វា) បើកទៅមុខមិនកើត។ អ្នកបើកបរក៏បានសម្រេចចិត្តឈប់នៅក្បែរចិញ្ចើមផ្លូវ ដោយមិនបានដាក់ស្លាកសញ្ញានៅពីក្រោយឬពីមុខរថយន្តនោះទេ ទើបបណ្តាលឲ្យជនរងគ្រោះបើកម៉ូតូសណ្តោងរ៉ឺម៉កបុកពីក្រោយរថយន្តពេញមួយទំហឹង ធ្វើឲ្យអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ។
នគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយភាគីរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលឈប់នៅលើចិញ្ចើមផ្លូវដោយមិនបានដាក់ស្លាកសញ្ញាសម្គាល់ដល់អ្នកបើកបរដ៏ទៃទៀតបានដឹង ៕
ដោយ៖ ស្អាងជ័យ