ភ្នំពេញ៖ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការឃាត់ខ្លួនយុវជនចំនួន៥នាក់ ខណៈពួកគេកំពុងជិះម៉ូតូ២គ្រឿងប្រដាប់ដោយដាវសាម៉ូរ៉ៃ២ដើមជាប់ខ្លួននៅក្នុងកោះពេជ្រ ។
ហេតុការណ៍ឃាត់ខ្លួនយុវជនចំនួន៥នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចដែលបានឃាត់ខ្លួន ក្រុមយុវជនទាំង៥នាក់នោះមាន ១-ឈ្មោះ ស៊ឹម ឆាត អាយុ១៥ឆ្នាំ, ២-ឈ្មោះ ម៉ន ពិសិដ្ឋ អាយុ១៩ឆ្នាំ, ៣-ឈ្មោះ ធឿន វីរៈ អាយុ១៣ឆ្នាំ , ៤-ឈ្មោះ ថុង ព្រះអាទិត្យ អាយុ១៦ឆ្នាំ និង ៥-ឈ្មោះ សុត សំណាង អាយុ១៥ឆ្នាំនាំ ពួកគេទាំងអស់គ្នាមានទីលំនៅម្តុំវត្តថាន់ ផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដ៏ដែលបានបន្តទៀតថា មុនពេលកើតហេតុក្មេងទំនើងមួយក្រុមមានគ្នា៥នាក់បានជិះម៉ូតូ២គ្រឿង ១គ្រឿងម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-2187 និង១គ្រឿងទៀតម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-0320 នៅក្នុងកោះពេជ្រ ពេលនោះក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ដែលកំពុងតែធ្វើការល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនប្រទះឃើញដោយមានការសង្ស័យក៏បានហៅអោយឈប់ដើម្បីធ្វើការត្រួតពិនិត្យ។ បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានប្រទះឃើញមានដាវសាម៉ូរ៉ៃ២ដើមលាក់ទុកនៅក្នុងកាបូបស្ពាយ និងមួយដើមទៀតប្រទះឃើញលាក់ទុកនៅខាងក្រោមកែបម៉ូតូ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៥នាក់នោះតែម្តង ។
ក្រោយពីកម្លាំងមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រុមយុវជនទាំង៥នាក់រួមទាំងដកហូតបានដាវសាម៉ូរ៉ៃ២ដើម ក៏ត្រូវបានបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕
...
ដោយ៖ ស រស្មី