ភ្នំពេញ៖ របងផ្ទះពលរដ្ឋមួយកន្លែងបានបាក់និងសម្ភារៈក្នុងផ្ទះបាយមួយចំនួនត្រូវខូចខាត ខណៈដែលមានរថយន្តដឹកសំបកកាតុងរបស់រោងចក្រហាតា បានបើកបុកសង្ស័យអ្នកបើកបរងងុយដេក ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវបេតុង(២០១១) ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
អ្នកបើកបររថយន្តមានឈ្មោះ ស្រស់ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅម្តុំអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ យ៉ែម គឹមថេន ភេទស្រី អាយុ៥០ឆ្នាំស្នាក់នៅកន្លែងកើតហេតុ ។
ប្រភពពីព្រូឡានម្នាក់មានឈ្មោះ ប៉ែន វ័រ ភេទប្រុស អាយុ៣៤ឆ្នាំដែលរួមដំណើរជាមួយបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់និងឈ្មោះញឹក ដារ៉ា ភេទប្រុស អាយុ៤០ឆ្នាំរួមនិងឈ្មោះស្រស់ បានបើករថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3A-2518ដោយខាងរោងចក្រដែលមានឈ្មោះថាហាតាអោយដឹកសំបកកាតុងយកទៅដាក់នៅរោងចក្រអុីសិង ដែលមានទីតាំងនៅម្តុំរង្វង់មូលកាំកូស៊ីធី ហើយក៍បានធ្វើដំណើតាមបណ្តោយផ្លូវខាងលើក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែគាត់ឃើញអ្នកបើកបរងួក (ងងុយដេក)មួយផាំងក៍រេចង្កូតទៅបុកនិងរបងផ្ទះខាងលើបណ្តាលអោយរថយន្តរងកាខូចខាតផ្នែកខាងមុខហើយធ្វើអោយបាក់របង និងសម្ភារៈផ្ទះបាយមួយចំនួនផងដែរ ប៉ុន្តែមិនមានអ្នករងរបួសទេ ។
ក្រោយកើតហេតុអ្នកបើកបរភ័យពេកបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់នៅសល់តែព្រូ២នាក់ដែលរួមដំណើរ ភ្លាមនោះក៍មាននគរបាលចរាចរណ៍ចុះមកត្រួតពិនិត្យហើយចាំភាគីខាងរថយន្តដោះស្រាយសងសំណងអោយទៅម្ចាស់ផ្ទះដើម្បីបញ្ចាប់រឿង ៕
...
ដោយ៖ តុង សីហា