យុវជន២នាក់ជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យនៅខណ្ឌដង្កោ ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចយុវជនវ័យជាង២០ឆ្នាំ ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងករណីរក្សាទុកថ្នាំញៀនខុសច្បាប់។

ហេតុការណ៍ចាប់ឃាត់ខ្លួនយុវជនសង្ស័យ២នាក់ខាងលើ កើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

យុវជនសង្ស័យដែលសមត្ថកិច្ចចំរុះចាប់ឃាត់ខ្លួននោះមានឈ្មោះ អេង រស្មី អាយុ២៩ឆ្នាំ មានទៅលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ និងឈ្មោះ អាង សុធារិទិ្ធ អាយុ២០ឆ្នាំ មុខរបរលក់មាន់នៅផ្សារឬស្សី មានទីលំនៅផ្សារដេប៉ូ ខណ្ឌទួលគោក។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលចាប់ឃាត់ខ្លួនយុវជនសង្ស័យខាងលើ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោដឹកនាំដោយលោក ម៉ក់ ពុទ្ធា នាយករដ្ឋបាលខណ្ឌ និងលោកអនុសេនីយ៍ឯក ជាង សែ អធិការរងនគរបាលខណ្ឌចុះដាក់គោលដៅឆែកឆេរត្រួតពិនិត្យនៅមុខសាលាខណ្ឌដង្កោ។ លុះនៅវេលាម៉ោង៧និង១៥នាទីយប់ យុវជនសង្ស័យឈ្មោះ អេង រស្មី ជិះម៉ូតូពីជើងមកត្បូងឆ្លងកាត់គោលដៅត្រួតពិនិត្យ ហើយកម្លាំងសមត្ថកិច្ចឆែកឆេររកឃើញមានថ្នាំញៀនចំនួន២ថង់តូចធំក្នុងខ្លួន ដែលជនសង្ស័យប្រាប់ថា គេទិញក្នុងតម្លៃ២០ម៉ឺនរៀល ក្នុង១ថង់។

ក្រោយមកនៅវេលាម៉ោង៧និង៣០នាទីយប់យុវជនសង្ស័យឈ្មោះ អាង សុធារិទិ្ធ ក៏បានជិះម៉ូតូយ៉ាងលឿនឆ្លងកាត់គោលដៅត្រួតពិនិត្យ ហើយបានបំណងជិះត្រឡប់ក្រោយវិញ តែកម្លាំងសមត្ថកិច្ចចាប់ឃាត់បានឆែកឆេររកឃើញមានថ្នាំញៀន១កញ្ចប់តូច។ ជនសង្ស័យទាំង២នាក់ក៏នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំទៅតាមនីតិវិធី។

ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងថ្នាំញៀន៣កញ្ចប់តូចធំ និងម៉ូតូម៉ាក់WAV ពណ៌ខៀវ ពាក់ស្លាក់លេខភ្នំពេញ1AB-4991 ជារបស់យុវជនសង្ស័យឈ្មោះ អាង សុធារិទិ្ធ។ និងម៉ូតូ១គ្រឿងទៀតម៉ាក​ZOOMER-X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GR-2591 ជារបស់ជនសង្ស័យឈ្មោះ អេង រស្មី។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print