ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នគរបាលបាននាំខ្លួនជនសង្ស័យជាឃាតករដែលបានវាយសម្លាប់បុរសចំណាស់ម្នាក់អូសទម្លាក់ចូលទឹកស្រះនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យធ្វើតម្រាប់ឡើងវិញអំពីសកម្មភាពដែលជនសង្ស័យបាននាំជនរងគ្រោះយកទៅវាយសម្លាប់នៅក្នុងស្រះទឹកក្រោយផ្ទះរបស់ខ្លួននោះ។ជនសង្ស័យបន្ទាប់មកនៅព្រឹកថ្ងៃដដែលក៏ត្រូវបាននគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់រងការចោទប្រកាន់ពីបទអំពើឃាតកម្ម។
សូមរំលឹកថាកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិជំទាវ ឃុំប្ញស្សី ក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានអំពើឃាតកម្មមួយកើតឡើងទៅលើបុរសចំណាស់ម្នាក់ឈ្មោះ សុខ កង អាយុ៥៦ឆ្នាំ ដែលត្រូវបានឃាតករមិនស្គាល់មុខនាំយកទៅវាយសម្លាប់ចោលទម្លាក់ចូលស្រះទឹក។នៅកន្លែងកើតហេតុគេឃើញវត្ថុតាងគល់មែកឈើ៣កំណាត់ មានប្រឡាក់ឈាម ក្រោយជនរងគ្រោះបានទៅចូលរួមពិធីមង្គលការរបស់កូនអ្នកភូមិជាមួយគ្នា ហើយបានផឹកស្រាស្រវឹងមានការរាំរែកហើយនោះ។
ក្រោយពីកើតហេតុនោះហើយសាកសពជនរងគ្រោះនៅព្រឹកឡើងថ្ងៃទី២៦ ខែឧសភា ត្រូវបានគេប្រទះឃើញលិចក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។ សមត្ថកិច្ចក៏បានចុះទៅស្រាវជ្រាវស៊ើបអង្កេតទៅលើករណីអំពើឃាតកម្មលាក់មុខ ក្រោមការសម្រប់សម្រួលនីតិវីធីពីព្រះរាជអាជ្ញាអម សាលាដំបូង ខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ហើយរកឃើញតម្រុយនៃមុខសញ្ញាជនសង្ស័យ។លុះនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលស្រុកមង្គលបូរី ក្រោមការដឹកនាំកម្លាំងផ្ទាល់ដោយស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ អនុវត្តតាមបទបញ្ជារបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម កម្លាំងនគរបាល ក៏បានឈានតាមស្វែងចាប់ខ្លួនជនសង្ស័យមានឈ្មោះ អ៊ីវ ប៊ុនម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំជាមួយជនរងគ្រោះហើយត្រូវជាឳពុកមាជនសង្ស័យនោះផងដែរ ដែលបានរត់លាក់ខ្លួនក្នុងព្រៃក្រោយផ្ទះអ្នកភូមិ។
ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ីវ ប៊ុនម៉ៅ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងជាកម្មករធ្វើការងារនៅប្រទេសថៃ មកលេងស្រុកកាលពីថ្ងៃចូលឆ្នាំមិនទាន់ត្រឡប់ទៅវិញ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថាមូលហេតុដែលរូបគេវាយសម្លាប់ជនរងគ្រោះដោយសារជនរងគ្រោះជាឳពុកមាស្រវឹងស្រា ហើយរូបគេក៏ស្រវឹងស្រាដូចគ្នា ត្រូវបានជនរងគ្រោះវាយក្បាលនិងឡើងជង្គង់ធ្ងន់ៗរបៀបធ្វើលេង មិនតែប៉ុណ្ណោះជនរងគ្រោះ បានចូលរាំលូកលាន់ប្អូនស្រីបង្កើតរបស់ខ្លួនថែមទៀត ទើបធ្វើឱ្យរូបគេខឹង។បន្ទាប់មកស្ងាត់ៗក៏ចាប់កៀកកជនរងគ្រោះដើរចេញពីកន្លែងរោងការហើយវាយសម្លាប់ អូសទៅមាត់ស្រះទាញទម្លាក់ជនរងគ្រោះចូលទឹកស្រះដែលនៅចម្ងាយពីរោងការ២០០ម៉ែត្រនោះតែម្តង ហើយរូបគេក៏រត់គេចខ្លួន បន្ទាប់មកក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ៕ សំ វិច្ឆិកា