ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ បញ្ជូនខ្លួនបុរសម្នាក់ជាអ្នករក ស៊ីលក់ដី ទៅតុលាការក្រោយទទួលលុយកក់៣៥០០ដុល្លារអាមេរិក រឿងរត់ការ កាត់ប្លង់ដីលក់ តែដល់ថ្ងៃកំណត់ខ្លួនគ្មានប្លង់ប្រគល់ទៅឲ្យជនរងគ្រោះទេ ហើយលុយ ដែលជនរងគ្រោះកក់នោះក៏ចាយអស់ ទៀត ទើបប្តឹងអាវុធហត្ថខណ្ឌព្រែកព្នៅ ចាប់ខ្លួនតែម្តង ។
មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីសាកសួរចប់នីតិវិធី រួចរាល់ហើយនោះ កម្លាំងបានបញ្ជូនខ្លួន ជនសង្ស័យទៅតុលាការដើម្បីចាត់ការបន្ត នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៨វេលាម៉ោង១០និង ៣០ នាទី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ យោងតាមពាក្យបណ្តឹងចុះថ្ងៃ ទី៨ ខែឧសភា ឆ្នាំ២០១៨ របស់ជនរង គ្រោះឈ្មោះ កុយ វិសុទ្ធ ភេទ ប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងគំនូររស់ នៅភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខរាជធានីភ្នំពេញបានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឡៃ ឡេក ភេទប្រុស អាយុ៤០ ជនជាតិខ្មែរមុខរបរពុះដីឡូតិ៍ រស់នៅភូមិត្រពាំងរនាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញពីបទ រំលោភលើសេក្តីទុកចិត្ត ។
មន្រ្តីដដែលបន្តទៀតថា ដោយយោងតាមការស្តាប់ចម្លើយរបស់ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ខ្លួនពិតជាបានលក់ដីឡូតិ៍មួយក ន្លែងទំហំ៥ម៉ែត្រគុណ២០ម៉ែត្រ ក្នុងតម្លៃ ៦៧០០ដុល្លារ ដែលមានទីតាំងនៅភូមិរំលេច ឃុំទួលព្រិច ស្រុក អង្គស្នួលខេត្ត កណ្ដាលទៅឲ្យជនរងគ្រោះឈ្មោះកុយវិសុទ្ធ និងទទួលប្រាក់កក់ចំនួន៣៥០០ដុល្លារពី ជនរងគ្រោះពិតប្រាកដមែន ហើយប្រាក់ នៅសល់ត្រូវប្រគល់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ពេលដែលរត់ប្លង់ផ្ទេរកម្មសិទ្ធ រួចរាល់ តែដល់ថ្ងៃកំណត់ខ្លួនគ្មានប្លង់ប្រគល់ទៅឲ្យជនរងគ្រោះទេហើយលុយដែលជនរងគ្រោះកក់នោះខ្លួនបានយកទៅចាយវាប្រើប្រាស់អស់ទៀត ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន បណ្ដោះអាសន្ននៅការិយាល័យប្រឆាំង បទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានី ភ្នំពេញដើម្បីចាត់ការទៅតាមនិតិវិធី ៕ ធឿន ព្រែកជ័យ