ជិះម៉ូតូរអិលដួល ត្រូវរថយន្តដឹកសុីទែនប្រេងមកពីក្រោយចាប់ហ្វ្រាំងបង្ខំបណ្ដាលឲ្យក្រឡាប់កិនម៉ូតូអូសជាង១០ម៉ែត្រ ស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូដឹកមាន់មិនប្រយ័ត្នរអិលដួល ត្រូវរថយន្ដដឹកស៊ីទែនសាំងរបស់ កម្ពុជាតេលា មកពីក្រោយជាន់ហ្វ្រាំងបង្ខំក្រឡាប់សង្កត់ម៉ូតូអូសម៉ូតជាង១០ម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអាធ័ម ។ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៣០នាទី​រសៀល ត្រង់ចំណុចលើផ្លូវ២០A​ ខាងលិចផ្ទះលក់ភេសជ្ជះ​ ធារ៉ាត់​ កូពី​ ស្ថិតនៅភូមិសេរីសម្បត្តិ​ សង្កាត់គងនយ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់អត្ដសញ្ញាណនោះទេ ។ ចំណែកតៃកុងរថយន្ដសណ្តោងសុីទែនមានឈ្មោះ​ រស់​ អៀងលី​ ភេទប្រុស​ អាយុ៤១ឆ្នាំ​ មុខរបរបើកបររថយន្ត​ មានទីលំនៅភូមិឡកំបោ​ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ដែលពាក់ស្លាកលេខកណ្ដាល1k-3356 ជិះដោយបុរសម្នាក់បានដឹកមាន់ និងបានធ្វើដំណើរក្នុងទិសពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុក៏បានរអិលដួល ភ្លាមៗនោះក៏មានរថយន្ដសុីទែនប្រេងរបស់ក្រុមហ៊ុន កម្ពុជា តេលា មកពីក្រោយក្នុងល្បឿនលឿន និងបានដឹកប្រេងឡើងពេញ ស្រាប់តែមកដល់កន្លែងកើតហេតុបានជាន់ហ្វ្រាំងទាំងបង្ខំបណ្ដាលឲ្យរថយន្ដក្រឡប់សង្កត់ទៅលើម៉ូតូជនរងគ្រោះអូសជាង១០ម៉ែត្រ បណ្ដាលឲ្យភាគីម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។ ដោយឡែកតៃកុងរថយន្ដបំរុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចប៉ុស្ដិ៍គងណយធ្វើការឃាត់ខ្លួនបានភ្លាមៗ ។

ក្រោយកើតហេតុ ប្រេងដែលនៅក្នុងរថយន្តខាងលើ ត្រូវបានរថយន្តដឹកប្រេងផ្សែងទៀតមកជួយបូមប្រេងយកចេញ ។ ក្នុងនោះដែរសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ ចុះមកធ្វើការវាស់វែងស្ទូចយក ម៉ូតូនិង រថយន្ដ ស៊ីទែនសាំង ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីដោះស្រោយគ្នាពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវរថយន្ដសាម៉ុយដឹកយកទៅតម្កល់នៅវត្ដសំបួរ រង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print