ខេត្តបាត់ដំបង៖ កម្មករស៊ីឈ្មួលបាញ់ស្មៅចំការឱ្យគេចំនួន៥នាក់បានរងការពុលក្អួតចង្អោរ ក្នុងអាការធ្ងន់ ស្រាល ត្រូវបានគេដឹកបញ្ជូនយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំព្រឹក គ្រាដែលជនរងគ្រោះបាននាំគ្នាផឹកស្រាស ហើយច្រឡំទៅទាញប៊ីដុងថ្នាំពុលបាញ់ស្មៅយកមកផឹកនោះ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ១,សី ទក ភេទប្រុស អាយុ២៩ឆ្នាំ រងការពុលស្រាល ២,សំ សៅ ភេទប្រុសអាយុ២៨ឆ្នាំ រងការពុលខ្លាំង ៣,កង ថា ភេទប្រុស អាយុ៣០ឆ្នាំ ពុលស្រាល ៤,ម៉េង ហេង ភេទប្រុស អាយុ៣៨ឆ្នាំពុលស្រាលនិង៥,សួន ធូ ភេទប្រុស អាយុ២៨ឆ្នាំរងការពុលធ្ងន់ ពួកគេទាំ៥នាក់ បច្ចុប្បន្នរស់នៅភូមិអូរឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជុំវិញនៃហេតុការណ៍នេះ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមករទាំង៥នាក់បានជួបជុំគ្នាផឹកស្រាសស្រវឹងធ្លាក់ភ្នែកនោះហើយ ។ បន្ទាប់មកស្រាប់តែក្នុងចំណោមពួកគេទាំង៥នាក់នោះមានម្នាក់បានច្រឡំយកប៊ីដុងថ្នាំពុលបាញ់ ស្មៅ ដាក់ក្បែរប៊ីដុងស្រាស ហើយយកទៅចាក់ផឹកទាំងអស់គ្នា។ លុះមួយសន្ទុះ មកទៀតទើបធ្វើឱ្យពួកគេក្អួតចង្អោររងការពុលថ្នាំបាញ់ស្មៅដោយមិនដឹងខ្លួនបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់អ្នកចំការនិងអ្នកភូមិនៅក្បែរនោះ ។ រំពេចនោះនៅពេលឃើញដូច្នេះគេក៏បាន ដឹកពួកគេទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានចុះទៅស្រាវជ្រាវ ពិនិត្យឃើញថា ក្រុមកម្មករទាំង៥នាក់ពុលដោយផឹកថ្នាំបាញ់ស្មៅច្រឡំថាស្រាស ៕
ដោយ៖ សំ វិច្ឆិកា