ខេត្តបន្ទាយមានជ័យ ៖ លិខិតមួយច្បាប់ត្រូវបានគេផ្ញើមកកាន់ការិយាល័យនិពន្ធយើងសំណូមពរសុំអោយ ជួយផ្សព្វផ្សាយដើម្បីបញ្ជូនព័ត៌មាននេះទៅកាន់អគ្គនាយកគយ និងរដ្ឋាករ និងលោកប្រធានគយចល័តនៅភ្នំពេញបានជ្រាប និងជួយមានវិធានការផង បើមិនដូច្នោះទេ អ្នករកសុីតូចតាចដឹកទំនិញតិចតួចតាមរថយន្តក្រុងងាប់អស់ហើយ គ្មានអ្នកណារកសុីកើតទេ បើលោកមេគយចល័តដែលដាក់ប៉ុស្ដ៏ឈរជើងនៅតាមផ្លូវជាតិលេខ៥ ក្បែរគល់ស្ពានទឹកថ្លា ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ គាត់កាប់ឆៅយ៉ាងនេះ។
ម្ចាស់លិខិតដែលអះអាងថាជាមិត្តអ្នកអាននិងជាអ្នករកសុីដឹកទំនិញពីប្រទេសថៃតាមផ្លូវជាតិលេខ៥ផងនោះ បានរៀបរាប់ថា តាំងពីមានការផ្លាស់ប្ដូរមន្ត្រីគយចល័តឈរជើងនៅក្បែរស្ពានទឹកថ្លាកាលណាមក មិនដឹងមន្ត្រីគយទាំងអស់នោះមានងារជាឯកឧត្តមឬឧកញ៉ាយ៉ាងណាទេ បានគ្រាន់តែលុយថ្លៃបាយទឹកប្រចាំ ខែ មួយខែៗគាត់ទារពីរថយន្តក្រុងដែលដឹកអ្នកដំណើររួចហើយមានដាក់ទំនិញអមជាមួយបន្តិចបន្ទួចគ្រាន់រួចថ្លៃសាំង និងថ្លៃចំណាយផ្សេងៗនោះដល់ទៅ៦-៧លានរៀលយ៉ាងដូច្នេះ។
ស្ត្រីខាងលើបានបន្តថា ពីមុនគយចល័តដែលឈរជើងនៅក្បែរស្ពានទឹកថ្លាខាងលើនេះ គ្រាន់តែសុំលុយថ្លៃបាយទឹកល្មមសមរម្យទៅតាមមនោសញ្ចេតនាទេ តែតាំងពីផ្លាស់ប្ដូរមេថ្មីដែលគេស្គាល់ឈ្មោះឈួន សោភា កាលណាមក គាត់បង្គាប់អោយកូនចៅកាប់ឆៅតែម្ដង ក្រោមលេសសុំលុយថ្លៃបាយទឹក និងថ្លៃសាំងចាក់រថយន្តជិះធ្វើការ តែមានកំហិតចំនួនច្បាស់លាស់នោះគឺរថយន្តក្រុងរកសុីដឹកអ្នកដំណើរភ្នំពេញ ប៉ោយប៉ែត តែមានដឹកឥវ៉ាន់លាយជាមួយនោះគឺត្រូវបង់អោយក្រុមគយចល័តខាងលើពី៦ទៅ៧លានរៀលក្នុង១ខែសំរាប់រថយន្ត១គ្រឿង ហើយបើក្រុមហ៊ុនមានរថយន្ត៥គ្រឿងត្រូវរត់ឆ្លងកាត់ប៉ុស្ដ៏របស់គាត់គឺត្រូវបង់គុណចំនួនលុយតាមចំនួនក្បាលរថយន្ត ។
ជាក់ស្ដែង មិនតែប៉ុណ្ណោះមន្ត្រីគយដែលជាអ្នកពូកែគាបទារលុយខ្លាំងជាងគេដែលគេស្គាល់ឈ្មោះអឿន និងឈ្មោះរី នោះ នៅឆ្លៀតអោយម្ចាស់រថយន្តក្រុងបង់របបមេប្រចាំខែ (លោកឈួន សោភា)ចំនួន១លានរៀលក្នុងរថយន្តមួយគ្រឿងថែមទៀត។ពេលម្ចាស់រថយន្តក្រុងខ្លះត្អូញត្អែរសុំបញ្ចុះតម្លៃបង់ក្បាលរថយន្តដោយសាររកសុីដឹកជញ្ជូនមិនចំណេញ ពួកគាត់ឆ្លើយតបថាបើរកសុីកើតរកសុី បើរកសុីមិនកើតឈប់រកសុីទៅគ្មានអ្នកណាបង្ខំទេ ព្រោះពួកគាត់ជាគយ”ឯកឧត្តមអគ្គ”ដាក់មក មិនមែនចេះតែមកឈរជើងបានស្រួលៗនោះទេ។ចំណែករថយន្តក្រុងឬរថយន្តដឹកទំនិញណាដែលបើកឆ្លងកាត់ មិនជូនដំណឹងឬមិនទៅជួបចរចាថ្លៃគ្នាមុនទេ ពេលចាប់បានឆែករកឃើញបទល្មើសគេចពន្ធ ទោះតិចក្ដី ច្រើនក្ដីដឹងតែធ្ងន់កហើយ បើគ្មានរាប់ពាន់ រាប់មុឺនដុល្លារដោះស្រាយទេ គំរាមធ្វើរបាយការណ៏បញ្ជូនទៅលើទុកទំនិញ និងរថយន្តចោលរាប់ខែខាតឡុងចុងជាមិនខាន តែបើប៉ះរថយន្តណាមានទំនិញតិចតួចដែលមិនតម្រូវអោយចាប់បង់ពន្ធវិញគឺពួកគាត់ប្រើល្បិចរើឆែកចុះឆែកឡើងរាប់ម៉ោងធ្វើយ៉ាងណាអោយអ្នកដំណើរដែលជិះនៅលើរថយន្តនោះធុញទ្រាន់ប៉ះពាល់ដល់សេវាអាជីវកម្មដឹកអ្នកដំណើរជាមិនខាន។
តាមអ្នកដឹងរឿងបានបង្ហើបប្រាប់អោយដឹងថា បច្ចុប្បន្នយ៉ាងហោចណាស់ក៏មានរថយន្តក្រុងដឹកអ្នកដំណើរ និងឆ្លៀតដឹកទំនិញលាយជាមួយរត់ពីភ្នំពេញទៅប៉ោយប៉ែតខ្ទង់១០ក្រុមហ៊ុនដែរ ហើយក្នុងមួយក្រុមហ៊ុនមានរថយន្តរត់ពី២ទៅ៣គ្រឿងដែលសរុបទាំងអស់ក្នុង១ខែមានរថយន្តរត់ជិត៣០គ្រឿងឯណោះ ដូចនេះ បើគេយក១គ្រឿងបង់ប្រចាំខែខ្ទង់៧លានរៀល ក្នុងមួយខែ ចំណូលថ្លៃបាយទឹករបស់មន្ត្រីគយចល័តផ្លូវជាតិលេខ៥ដែលឈរជើងនៅក្បែរគល់ស្ពានទឹកថ្លាខ្ទង់២០០លានរៀលស្មើរ៥មុឺនដុល្លារឯណោះ នេះ គេនៅមិនទាន់បូកចំណូលពីក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗទៀតផងនោះទេ ។
គួរំលឹកថា៖ ទីតាំងប៉ុស្ដ៏ក្បែរស្ពានទឹកថ្លា អាចជារឿង លោក ឈួន សោភា នឹង អគ្គ គុណ ញឹម អ្នកដាក់ទៅ ខណះគយទាំងនោះបានយកឈ្មោះ លោកអគ្គ គុណ ញឹម ទៅគំរាមថ្នាក់ក្រោម មួយម៉ាត់ណាក៏ថា ពួកគេខ្លាចតែ លោកអគ្គ គុណ ញឹម ម្នាក់ទេ។ ជាទម្លាប់លោក ឈួន សោភា ក៏មិនសូវនៅប៉ុស្ដ៏ទេ នៅតែភ្នំពេញ ហើយប្រើកូនចៅអោយធ្វើការជម្រិតឈ្មួញចង់លានអណ្តាតហើយ៕ ដោយ៖ សុខ ខេមរា