ថ្នាក់ដឹកនាំក្រសួងធនធានទឹកចុះពិនិត្យដំណើរការប្រើប្រាស់ទឹកនៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៨ លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានកម្មវិធីខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្មជំហានទី ២ (CAVAC II) រួមជាមួយមន្រ្តីនាយកដ្ឋានជំនាញរបស់ក្រសួង និងមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះត្រួតពិនិត្យកិច្ចដំណើរការរបស់សហគមន៍កសិករប្រើប្រាស់ទឹកវត្តធម្មវិន័យ ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ។

សហគមន៍កសិករប្រើប្រាស់ទឹកវត្តធម្មវិន័យ ដែលទើបបោះឆ្នោតជ្រើសរើសថ្មី បានចាប់អនុវត្តការងាររបស់ខ្លួនចាប់តាំងពីខែមីនា ឆ្នាំ ២០១៨ ដោយបានប្រមូលវិភាគទានទឹកមកដល់បច្ចុប្បន្នបានចំនួន ២៨៨ លានរៀល ស្មើនឹងប្រមាណ ៨០ភាគរយ នៃវិភាគទានសរុប បើប្រៀបធៀបទៅនឹងការប្រមូលវិភាគទានរបស់សហគមន៍ចាស់ ។ បញ្ហាប្រឈមនាពេលបច្ចុប្បន្នរបស់សហគមន៍ គឺពាក់ព័ន្ធទៅនឹងការកសាងសមត្ថភាព ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ពីកម្មវិធី CAVAC ក៏ដូចជាពីសំណាក់ក្រសួង និងបញ្ហាមួយទៀត គឺការពន្លឿនការជួសជុលម៉ូទ័របូម ចំនួន ១គ្រឿង ដែលក្រុមហ៊ុនឌីម៉េប បានយកទៅជួសជុល ។

បន្ទាប់ពីបានពិនិត្យកិច្ចដំណើរការរបស់សហគមន៍កសិករប្រើប្រាស់ទឹកធម្មវិន័យរួចមក លោករដ្ឋលេខាធិការ រួមនឹងក្រុមការងារ ក៏បានបន្តដំណើរចុះត្រួតពិនិត្យការងារកែលម្អ និងថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកត្នោតទេ ទំនប់អាងទឹកជ្រោយសំរោង ស្ថិតក្នុងស្រុកសំរោង និងប្រព័ន្ធធារាសាស្រ្ត ទំនប់អាងទឹកដងខ្ញម ស្ថិតក្នុងក្រុងដូនកែវ និងស្រុកទ្រាំង ខេត្តតាកែវ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print