ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការឃាត់តាមបណ្តឹងឱពុកម្តាយនារីរងគ្រោះក្នុងករណី ប៉ុនប៉ងរំលោភកូនស្រីរបស់តែមិនបានសម្រេ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង០៩និង០០នាទីព្រឹកនៅចំណុចក្នុងផ្ទះជួលលេខ៣៣២B ក្រុម២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
នគរបាលប្រាប់ថាជនសង្ស័យឈ្មោះ មាស សុភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ចំណែកនារីរងគ្រោះឈ្មោះ វ.ស.ប ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ ។សម្ភារៈបន្សល់ទុក ៖ វ៉ែនតាកញ្ចក់ពណ៌ស ចំនួន០១ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ មានផ្ទះជិតគ្នា ពេលយប់ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស៊ីជិតគ្នានៅក្នុងភូមិ ដោយមានមិត្តភ័ក្ត្រចូលរួមជាមួយ រហូតដល់ម៉ោង២៣និង០០នាទី ជនរងគ្រោះ និងជនសង្ស័យបានឈប់ផឹកស៊ី រួចត្រឡប់ទៅផ្ទះសំរាកវិញរៀងៗខ្លួន ។ លុះពេលយប់ជ្រៅ ជនសង្ស័យដេកមិនលក់បានក្រោកដើរ តាមប្រឡាយខាងក្រោយតោងជញ្ចាំងចូលក្នុងផ្ទះរបស់ជនរងគ្រោះ បំរ៉ុងធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ តែនៅពេលនោះជនរងគ្រោះដឹងខ្លួន បានស្រែកថាមានមនុស្សចូលក្នុងផ្ទះ រួចជនសង្ស័យបានស្ទុះទៅបើកទ្វារ តែឱពុកជនរងគ្រោះក្រោកទៅបើកភ្លើងទាន់ ឃើញជនសង្ស័យលោតចេញពីក្នុងផ្ទះគេចខ្លួនបាត់ ។
លុះដល់ព្រឹកថ្ងៃទី០៤ខែឆ្នាំដដែលជនរងគ្រោះ និងក្រុមគ្រួសារបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៩និង០០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវរកឃើញឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីបន្តអនុវត្តន៍តាមនិតិវិធី ៕
ដោយ៖ តុង សីហា