នគរបាលព្រហ្មទណ្ឌក្រុងបានលុងរឹបអូសម៉ូតូបញ្ចាំ១៣គ្រឿងដែលមិនមានច្បាប់ទម្លាប់

ចែករំលែក៖

ខេត្តរតនគិរី ៖ ទីតាំងបញ្ចាំម៉ូតូមួយកន្លែង ត្រូវបានសមត្ថកិច្ចរឹបអូសយកម៉ូតូ១៣គ្រឿង យកទៅរក្សាទុកជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា ទីតាំងបញ្ចាំម៉ូតូនោះ មិនមានច្បាប់ធ្វើអាជីវកម្មត្រឹមត្រូវ គ្រាដែលសមត្ថកិច្ចតាមស្រាវជ្រាវរកម៉ូតូតាមពាក្យបណ្ដឹងរបស់ម្ចាស់ម៉ូតូម្នាក់ ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃ អង្គារ ១៤ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្តសហការជាមួយនគរបាលអធិការក្រុងបានលុងនិងមានការ សម្របសម្រួលដោយលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវឆែកឆេរទីតាំងបញ្ចាំម៉ូតូមួយកន្លែងស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រង់ចំណុចជ្រុងខាងកើត ឈាងខាងជើងផ្សារបានលុង។ តាមការចង្អុលបង្ហាញពីជនសង្ស័យម្នាក់ ដែលត្រូវម្ចាស់ម៉ូតូប្ដឹងពីបទរំលោភសេចក្ដីទុកចិត្ត យកម៉ូតូទៅបញ្ចាំនៅទីនោះ ។

លោកឧត្ដមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ស្នងការនគរបាលខេត្ត បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូ ១គ្រឿងម៉ាកស្មាក់ រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពាញ1S.5378 ពីផ្ទះបញ្ចាំមួយកន្លែងស្ថិតនៅទីតាំង ភូមិ សង្កាត់ខាងលើ តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ហុក ស្គី ដែលម្ចាស់ម៉ូតូបានប្ដឹងថា ខ្ចីម៉ូតូហើយយកទៅបាត់កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ។ បន្ទាប់ពីដកហូតម៉ូតូ ១គ្រឿង ហើយពិនិត្យកន្លែងបញ្ចាំ ឃើញម៉ូតូមិនប្រក្រតី ចំនួន១៣គ្រឿងទៀត ទាំងទីតាំងបញ្ចាំនោះ មិនមានលិខិតអនុញ្ញាតិធ្វើអាជីវកម្ម។ ដូច្នេះ លោកព្រះរាជអាជ្ញារង រ៉ាបូ រ៉ាន់ឌី ក៏បានតម្រូវឲ្យដកហូតយកម៉ូតូទាំងអស់មករក្សាទុកនៅការិយាល័យជំនាញ នៃស្នងការរដ្ឋាននគរបាលខេត្តជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបន្តតាមនិតិវិធី។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ហុក ស្គី ត្រូវឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដើម្បីសាកសួរនឹងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត។ រីឯម៉ូតូទាំង១៣គ្រឿង សមត្ថកិច្ចបានតម្រូវឲ្យម្ចាស់ផ្ទះបញ្ចាំ យកឯកសារពាក់ព័ន្ធមកធ្វើការផ្ទៀងផ្ទាត់។ចំណែកការផ្ទៀងផ្ទាត់ឯកសារ ហើយដោះស្រាយយ៉ាងណា សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print