ភ្នំពេញ: នារីវ័យក្មេងម្នាក់ រួមដំណើរនិងមិត្តភក្តិប្រុសស្រី២នាក់ទៀត បើករថយន្តលឿនបានរេចង្កូតទៅបុកម៉ូតូកង់ឥណ្ឌាបើកបរដោយបុរសម្នាក់បើកឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យប៉ើងក្រឡាប់ផ្ងាជើងម្ខាងម្ចាស់រងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២និង៣០នាទី យរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅផ្លូវមុនីវង្ស កែងនិងផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីវ័យក្មេងម្នាក់ រួមដំណើរនិងមិត្តភក្តិប្រុសស្រី២នាក់ទៀត បើករថយន្តម៉ាស់ស្តារ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AT-6002 បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ផ្លូវបែកជាបួន បានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GR-8406 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅលិចទៅកើត កណ្តាលពេញទំហឹងបណ្តាលឲ្យម៉ូតូកង់បីឥណ្ឌាប៉ើងប្រមាណជាង៣០មែត្រក្រឡាប់ផ្ងារជើងម្ខាង ម្ចាស់រងរបួសស្រាល។ ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួន ភ្លាមនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញហេតុការណ៍នេះបានដេញតាមពីក្រោយរហូតមកដល់ខាងលិចវិមានឯករាជ្យ ផ្លូវព្រះសីហនុ ទើបឃាត់រថយន្តបានយកមកកន្លែងកើតហេតុវិញ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានវាស់វែងយក រថយន្តនិងម៉ូតូកង់បីឥណ្ឌាមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ