កាលពីថ្ងៃទី១៩ ខែមិថុនា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តទៅលើច្បាប់ផ្តល់សិទ្ធិដល់ក្រសួងការពារជាតិ ឆ្នាំ ២០១៩ ដោយមានសំឡេងគាំទ្រ ៨៥ និង ប្រឆាំងតែ ១០ប៉ុណ្ណោះ ។ នៅក្នុងការបោះ ឆ្នោតនោះ នឹងបង្កើនប្រាក់ចំណាយបន្ថែមសម្រាប់សកម្មភាពយោធាដល់ទៅ ១៦ ពាន់លានដុល្លារ ធ្វើឲ្យមូលនិធិសម្រាប់ការពារជាតិកើនឡើងដល់ ៧១៦ពាន់លាន ដុល្លារនៅឆ្នាំ២០១៩ ។
ប៉ុន្តែដើម្បីច្បាប់ខាងលើ មានប្រសិទ្ធ ភាព គឺត្រូវឆ្លងកាត់ការបោះឆ្នោតអនុម័តនៅក្នុងរដ្ឋសភា និងការចុះហត្ថលេខា របស់ប្រធានាធិបតីដូណាល់ ត្រាំ ។ ប៉ុន្តែនោះគ្រាន់តែជាបែបបទតាមច្បាប់ប៉ុណ្ណោះ ដោយប្រធានាធិបតីក៏ធ្លាប់បានលើកឡើងពីបញ្ហាខាងលើនេះដែរ។
នៅក្នុងច្បាប់ចំណាយសម្រាប់ការពារជាតិ ដែលមានចំណុចមួយធ្វើឲ្យចិនរិះគន់យ៉ាងខ្លាំង នោះគឺ ក្រសួងការពារជាតិអាមេ រិក បង្កើនទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់ និងគាំទ្រ ដល់ការអភិវឌ្ឍយោធា របស់កោះនេះដើម្បីការពារខ្លួន។
ក្នុងកថាខណ្ឌលេខ ១២៥៣ នៃច្បាប់ របស់ក្រសួងការពារជាតិអាមេរិក បាន និយាយអំពីការបង្កើនកម្លាំងយោធាដល់កោះតៃវ៉ាន់ ដើម្បីជួយអភិឌ្ឍន៍ និងទំនើប កម្មវិស័យយោធា អាចការពារខ្លួនបាន។
ជាមួយគ្នានេះ ប្រធានាធិបតីតៃវ៉ាន់ បានថ្លែងអំណរគុណដល់សភាអាមេរិក ដែលបានគាំទ្រដល់យោធាតៃវ៉ាន់ ក្នុងសកម្មភាពអភិវឌ្ឍន៍ទំនើបកម្មដើម្បីការពារខ្លួន។ នេះមិនមែនជាលើកទីមួយឡើយ ដែល អាមេរិកអនុម័តច្បាប់ពាក់ព័ន្ធនឹងកោះតៃ វ៉ាន់ ។ កាលពីថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៧ រដ្ឋសភាអាមេរិក បាន
អនុម័តច្បាប់សម្រាប់ការពារជាតិឆ្នាំ២០១៨ ក៏បាននិយាយពី កោះតៃវ៉ាន់ផងដែរ។
ចិនបានប្រឆាំងទៅនឹងសកម្មភាពរបស់អាមេរិក គឺជាការដើរផ្ទុយនឹងគោលនយោបាយចិនតែមួយ ដែលអាមេរិកបានព្រម ព្រៀងកន្លងមក៕ ម៉ែវ សាធី