ខ្សឹបដាក់ត្រចៀក ៖ លោក «ហេង ផល្លា» ត្រូវប៉ាន់ចំពោះ​បទល្មើស​ដឹកលើសទម្ងន់

ចែករំលែក៖

លោកហេង ផល្លា ប្រធានស្នាក់ការជញ្ជីងថ្លឹងរថយន្ត​នៅចំណុច​ថ្នល់កែង ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវគេអះអាងថា កំពុងកើបលុយ​យ៉ាងសុខស្រួល ដោយគ្មានថ្នាក់លើ​រករឿងអ្វីនោះឡើយ ។ មិនតែប៉ុណ្ណោះ លោកបានទទួលការកោតសរសើរពីថ្នាក់ដឹកនាំក្រសួងសាធារណការ ពីការដែលអាចប្រមូលបានប្រាក់ច្រើនចំពោះ​រថយន្តដឹកលើទម្ងន់ឆ្លងកាត់ផ្លូវជាតិលេខ៦ ។ ប៉ុន្តែក្រៅពីលុយសូយសារភោគផលផ្តល់ឲ្យថ្នាក់លើ លោកហេង ផល្លា ក៏ទទួលបានផលប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ ក្លាយទៅជាអ្នកមានស្តុកស្តម្ភផងដែរ ។ អ្នកខេត្តកំពង់ចាម និយាយថា គ្រាមុនលោកហេង ផល្លា ជិះតែម៉ូតូកញ្ចាស់ តែឥឡូវលោកមានលំនៅឋានស្តុកស្តម្ភ និងរថយន្តទំនើបៗជិះទៀតផង ។

គេរាយការណ៍ថា រថយន្តដឹកទំនិញលើសទម្ងន់ ដែលចរាចរណ៍ពេលយប់គឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់លោក ហេង ផល្លា ។ មួយយប់ៗមានរថយន្តដឹកទំនិញរាប់រយគ្រឿងឆ្លងកាត់ជញ្ជីងថ្នល់កែង ប៉ុន្តែពួកគេមិនចាំបាច់ចូលថ្លឹងទម្ងន់អ្វីឡើយ ។ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានផ្តល់លាភសក្ការ​ប្រចាំខែ​ ឬ​រាប់ចំនួនជើង​នៃការដឹកជញ្ជូន រួចហើយទូទាតសេវាជូនលោកហេង ផល្លា តែម្តង ។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន ទោះបីជាលើសទម្ងន់ ឬមិនលើសទម្ងន់ ក្រុមហ៊ុនដឹកជញ្ជូន​ត្រូវផ្តល់កម្រៃ​ជូនប្រធានស្ថានីយថ្លឹង​ទម្ងន់នៅ​ថ្នល់កែងជាដរាប ។

...

លោកហេង ផល្លា ត្រូវប៉ាន់តាំងពីនៅជាប្រធានស្ថានីយថ្លឹងទម្ងន់​នៅថ្នល់ទទឹង ដែលត្រូវបាន​កាត់ទៅ​ខេត្តត្បូងឃ្មុំ ។ បន្ទាប់មក​លោកត្រូវបាន​ផ្ទេរឲ្យមានកាន់ជាប្រធានស្ថានីយថ្លឹងទម្ងន់នៅត្រើង ។ ដោយសារតែ​មានអំពើពុករលួយ លោកត្រូវបានដកចេញ​ពីត្រើង ហើយ​ដោយមាន​ហិរញ្ញវត្ថុគ្រប់គ្រាន់ លោកបានបន្តមកឈរជើង​នៅថ្នល់កែងទៀត ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ចំណូលក្នុងមួយថ្ងៃៗរាប់លានរៀលពីការ​ដែលឈ្មួញបង់ឲ្យលោកហេង ផល្លា ។ ការដឹកជញ្ជូនលើសទម្ងន់ វាជាប្រភពដែលនាំឲ្យផ្លូវមហន្តរាយ ។ ប៉ុន្តែវាជាប្រភពចំណូលដ៏ច្រើនលើសលប់របស់លោកហេង ផល្លា ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print