អគ្គស្នងការរងនគរបាលជាតិធ្វើសន្និសីទកាសែតស្តីអំពីករណីគ្រោះថ្នាក់ចរាចរណ៍របស់សម្តេចក្រុមព្រះនរោត្តមរណឫទ្ធិព្រះប្រធានគណបក្សហ្វុនសុិនបុិច

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គស្នងការរងនគរបាលជាតិ លោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍របស់សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចគឺជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ដែលកើតឡើងដោយសារភាគីម្ខាងទៀតបើកបរដោយខ្វះការប្រុងប្រយ័ត្នផ្ទុកមនុស្សលើចំណុះ និងមានល្បឿនហួសកំណត់ ។

ក្នុងសន្និសីទសារព័ត៌មាននៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨

លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានប្រកាសបដិសេធចោលទាំងស្រុងចំពោះព័ត៌មានទាំងឡាយណា ដែលបានលើកឡើងថាករណីនេះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ ដែលព័ត៌មាននេះផ្ទុយស្រឡះពីការពិត និងការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញ ។

លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលនៃការស៊ើបអង្កេតដូច ដែលបានបង្ហាញជូននេះ គឺជាគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធហើយអគ្គស្នងការដ្ឋាននគរបាលជាតិសូមបដិសេធទៅលើព័ត៌មានទាំងឡាយណា ដែលលើកឡើងមិនត្រឹមត្រូវតាមការស៊ើបអង្កេតនេះ ។

បើតាមអគ្គស្នងការរងនគរបាលជាតិរូបនេះករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើយដោយរថយន្ដ Highlander ជាប្រភេទរថយន្ដឈ្នួលធ្វើដំណើរពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ ។

រថយន្ដបង្កនោះ បានផ្ទុកមនុស្សលើសចំណុះហើយបើកបរក្នុងល្បឿនយ៉ាងលឿនលើសកំណត់(១០០គីឡូម៉ែត្រក្នុង១ម៉ោង) ដែលនាំអោយមានការពិបាកក្នុងការបញ្ជាយានយន្ដ ។

លោកនាយឧត្តមសេនីយ៍បានរៀបរាប់ថាបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅមុនពេលកើតហេតុ រថយន្ដបង្កបានឡើងវ៉ារថយន្ដមួយគ្រឿងម៉ាក Lexus RX300 ស្រាប់តែពេលកំពុងឡើងវ៉ានោះក៏ពើបប្រទះនឹងរថយន្ដក្បូនរបស់សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ដែលកំពុងតែបើកច្រាសទិសគ្នាហើយអ្នកបើកបររថយន្ដបង្កបានបន្ថែមល្បឿនដើម្បីវ៉ាអោយផុតហើយគេចចូលមកខាងស្ដាំដៃវិញ ។

ពេលនោះរថយន្ដបានគេចជ្រុលមកខាងស្ដាំបណ្ដាលអោយធ្លាក់ផ្លូវមួយចំហៀងហើយអ្នកបើករថយន្ដក៏បួងចង្កូតមកខាងឆ្វេងវិញស្រាប់តែព្រះទីនាំងរបស់សម្ដេចក្រុមព្រះមកដល់ក៏បុកពេញទំហឹងតែម្ដង ។

យ៉ាងណាមិញចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក ប្លុង វិសាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានសម្រេចឃុំខ្លួនអ្នកបើកបររថយន្តតាក់ស៊ី ឈ្មោះ ម៉ិល សារ៉េត អាយុ៣៤ឆ្នាំ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បើកបុកព្រះទីនាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិបណ្តាលអោយទ្រង់រងរបួសធ្ងន់ និងអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ។

តុលាការបានសម្រេចចោទប្រកាន់ អ្នកបើកបររថយន្ដតាក់ស៊ី ពីបទបើកបរធ្វេសប្រហែស បណ្តាលរបួស និងស្លាប់អ្នកដទៃ ។

សូមបញ្ជាក់ថាអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេកឃុំអូរចំណារស្រុកព្រៃណប់ខេត្ដព្រះសីហនុកាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនាឆ្នាំ២០១៨៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print