សេចក្តីប្រកាសរួមចុះថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៨ បានឲ្យដឹងថា សហភាពអឺរ៉ុបគឺជាម្ចាស់ជំនួយធំមួយក្នុងចំណោមម្ចាស់ជំនួយធំៗបំផុតរបស់អ.វ.ត.ក ហើយការផ្តល់ជំនួយចុងក្រោយនេះធ្វើឲ្យជំនួយហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបបានផ្តល់ដល់អ.វ.ត.ក មានចំនួនសរុប២២,៧០លានអឺរ៉ូចាប់ពីសាលាក្តីខ្មែរក្រហមចាប់បដិសន្ធិនៅឆ្នាំ ២០០៦មក ។
លោក ក្រាញ់ តូនី ប្រធានការិយាល័យ រដ្ឋបាលស្តីទី និងលោក Knut Rosandhaug អនុប្រធានការិយាល័យរដ្ឋបាល អ.វ.ត.ក បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា “តាងនាមឲ្យ អ.វ.ត.ក យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការបន្តឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់ សហភាពអឺរ៉ុប។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ នេះនឹងរួមចំណែកបន្តនិរន្តរភាពកិច្ចការ របស់សាលាក្តី ដើម្បីសម្រេចបានយុត្តិធម៌ ចំពោះអំពើឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩”។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តី ខ្មែរក្រហមបានថ្លែងថា នៅឆ្នាំ២០១៨នេះ ភាគីជាតិនិងអន្តរជាតិនៅសាលាក្តីខ្មែរ ក្រហម ត្រូវការថវិកា២៤.៧២០.០០០ ដុល្លារអាមេរិក។ ក្នុងនោះភាគីអន្តរជាតិ ត្រូវការថវិកាចំណាយ១៨,៩៣លានដុល្លារ និងភាគីជាតិចំនួន៥,៧៩លានដុល្លារ ។
លោក នេត្រ ភក្ត្រា បន្តថា នៅឆ្នាំ២០១៨ នេះភាគីជាតិទទួលបានថវិកាពីរាជរដ្ឋាភិបាលកម្ពុជាចំនួន៤លានដុល្លារ ព្រមទាំងថវិកាមួយចំនួនពីប្រទេសម្ចាស់ជំនួយ ។
គិតចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៧ សាលាក្តីខ្មែរក្រហម អ.វ.ត.ក ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិនិងរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសរុប ៣១៩,៥៦ លានដុល្លារអាមេរិកដែលក្នុង នោះភាគីជាតិចំណាយសរុប៧៥,២លាន ដុល្លារ ៕ ហេង សូរិយា