ខេត្តពោធិ៍សាត់ ៖ ផ្ទះសម្បទានសង្គមកិច្ចមន្រ្តីនិវឌ្ឍន៍ជន ១ខ្នងត្រូវបានភ្លើងឆាបឆេះមួយប៉ប្រេចភ្នែក នៅគ្រាដែលម្ចាស់របស់គាត់រវល់ទៅទិញទឹកកក ត្រូវបានគេសង្ស័យអាចបណ្ដាលមកពីផ្ទុះសេ្សខ្សែភ្លើងទើបឆ្លងចរន្តអគ្គិសនីឆាបឆេះបែបនេះ។
ហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះផ្ទះសម្បែងខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង០០នាទី រសៀលថ្ងៃច័ន្ទ ១៣កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍នគរបាលស្រុកបាកានឃើញថា ផ្ទះសម្បទានសង្គគមកិច្ច ១ខ្នងដែលត្រូវបានអគ្គីភ័យឆាបឆេះម៉ត់នោះ មានទំហ៊ុំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស័ង្សសី ជញ្ជាំងបាំងក្តារ រនាបក្រាលក្តា ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង សម្ភារការខូចខាតរួមមាន អង្ករចំនួន ០១ការ៉ុង ស្រូវពូជចំនួន ០៤ការ៉ុង ពាងទឹកចំនួន ០៧ កង់ចំនួន ០១គ្រឿង និងលុយចំនួន ៤០មឺុនរៀល រួមទាំងឯកសារខ្លះៗផងដែរ។
របាយការណ៍ខាងលើបន្តទៀតថា ម្ចាស់ផ្ទះឈ្មោះ ជិន ចុង ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយការដែលអគ្គីភ័យឆាបឆេះខាងលើនេះ នៅគ្រាដែលម្ចាស់គាត់រវល់មិនមានមនុស្សនៅផ្ទះនោះទេ ហើយអាចបណ្ដាលមកពីផ្ទុះស្សេខ្សែភ្លើងទើបឆ្លងចរន្តអគ្គីសនីឆាបឆេះបែបនេះ ម្យ៉ាងទៀតការឆេះគឺលឿងមិនអាចជួយអន្តរាគមន៍ពីអ្នកភូមិផងរបងជាមួយបាននោះឡើយ៕ ដោយ បឹុម ពិន