សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រារព្ធពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាថ្មី ជូនដល់និស្សិត ១០៥រូប

ចែករំលែក៖

ភ្នំពេញ​ ៖ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ កាលពី​រសៀល​ថ្ងៃ​ចន្ទ ១៣​កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ បាន​រៀប​ចំ​កម្មវិធី​បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុ​ជាថ្មី ចំនួន​១០៥​នាក់ ក្រោម​អធិបតីភាព លោក ពិត ចំណាន សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ និង​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។

​លោក លី ណា​វុ​ឌ្ឍ សាកល​វិទ្យាធិការរង​ទី​១ និង​ជាទី​ប្រឹក្សា​យុវជន​កាកបាទក្រហម​កម្ពុជា ប្រចាំ​សាកលវិទ្យាល័យ ប៊ែ​ល​ធី​អន្ដរជាតិ បាន​ឲ្យ​ដឹង​ថា ដោយមាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​លោក​បណ្ឌិត លី ឆេង សាកលវិទ្យាធិការ និង​ជា​ប្រធានកិត្តិយស​ក្លឹប​យុវជន​កាកបាទក្រហម​កម្ពុជា ប្រចាំ​សាកលវិទ្យាល័យ សាកលវិទ្យាល័យ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ជា​មូលដ្ឋាន​លើក​ទី​២ ជូន​ដល់​និស្សិត​១០៥​រូប។ វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​ផ្ដោត​សំខាន់​ទៅលើ​ប្រធានបទ​សំខាន់ៗ​មួយចំនួន​រួមមាន ១- ប្រវត្តិ​ចលនា​កាកបាទក្រហម​-​អឌ្ឍចន្ទ​ក្រហម​អន្ដរជាតិ និង​ច្បាប់​មនុស្សធម៌​អន្ដរជាតិ ២- គោលការណ៍​គ្រឹះ​ទាំង​៧ របស់​ចលនា​កាកបាទក្រហមកម្ពុជា ចលនា​កាកបាទក្រហម​-​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ ៣-​ខ្លឹមសារ​គោលនយោបាយ និង​ការងារ​គ្រប់គ្រង​ក្លឹប​យុវជន​កាកបាទក្រហម​កម្ពុជា ៤-​ស្វែងយល់ និង​អនុវត្ត​ពី​វិជ្ជា​សង្គ្រោះ​បឋម និង​៥-​សិក្សា​ស្វែងយល់​ពី​សុវត្ថិភាព​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។​ល​។

លោក​បណ្ឌិត លី ឆេង សកលវិទ្យាធិការ និង​ជា​ប្រធានកិត្តិយស​ក្លឹប​យុវជន​កាកបាទក្រហម​កម្ពុជា​ប្រចាំ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​មានប្រសាសន៍ថា កន្លងមក​ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ ព្រមទាំង​សិស្ស​-​និស្សិត​ប៊ែ​ល​ធី បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន​ដូចជា ការប​រិច្ចាគ​ឈាម ការផ្តល់​អំណោយ​ជូន​ចាស់ជរា ស្ត្រី​សម្រាលកូន ក្មេង​កំព្រា ប្រជាជន​ក្រីក្រ​តាម​មូលដ្ឋាន ការដាំ​កូនឈើ ការសម្អាត​បរិស្ថាន និង​សកម្មភាព​សង្គម​ផ្សេងៗ​ទៀត តាមរយៈ​មូលនិធិ​សប្បុរសធម៌​ប៊ែ​ល​ធី (BELTEI Charity Foundation)​លោក​បណ្ឌិត ក៏បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​អនុញ្ញាតឱ្យ​ប៊ែ​ល​ធី បង្កើត​ក្លឹប​យុវជន​កាកបាទក្រហម​កម្ពុជា ប្រចាំ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​មនុស្សធម៌ ជាមួយ​កាកបាទក្រហមកម្ពុជា​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​សកម្មភាព​នានា ក្នុងពេល​កន្លងមក ហើយ​លោក​ស​សង្ឃឹមថា ប្អូនៗ​យុវជន​កាកបាទក្រហម​ទាំងអស់ នឹង​បាន​យល់​ពី​បេសកកម្ម​របស់​កាកបាទក្រហម​-​អឌ្ឍចន្ទ​ក្រហម​អន្ដរជាតិ និង​បន្តសកម្មភាព​បន្ថែមទៀត​នូវ​អ្វីដែល​កាកបាទក្រហម​-​អឌ្ឍចន្ទ​ក្រហម​កម្ពុជា បានធ្វើ​កន្លងមក​។

ក្នុងឱកាស​នោះដែរ លោក ពិត ចំណាន បាន​ថ្លែង​ថា លោក​ពិត​ជាមាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុ​ជាថ្មី ជូន​ដល់​និស្សិត​ប៊ែ​ល​ធី ១០៥​រូប នាពេលនេះ​។ លោក​ក៏បាន​ពាំនាំ​មតិ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ប្រកបដោយ​សេចក្តីស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ​-​អ្នកគ្រូ និង​សិស្ស​-​និស្សិត​នៃ​ប៊ែ​ល​ធី គ្រុប​ទាំងមូល​ផងដែរ​។ លោក​ក៏បាន​ថ្លែង​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការរីកចម្រើន និង​សមិទ្ធផល​នានា​របស់​ប៊ែ​ល​ធី ដែល​ទទួលបាន​កន្លង​មក ជាពិសេស​សកម្មភាព​ម​នុស្ស​ធម៌​របស់​ប៊ែ​ល​ធី ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ជាមួយ​កាកបាទក្រហមកម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល​។ លោក​ក៏បាន​ចូលរួម​អបអរសាទរ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ និស្សិត​ប៊ែ​ល​ធី ដែល​បានទទួល​ការបំពាក់​កន្សែង​ចូល​ជា​សមាជិក​ថ្មី​របស់​កាកបាទក្រហម​កម្ពុ​ជានា​ថ្ងៃនេះ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print