ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតក្នុងទឹកស្រះចិញ្ចឹម បន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេល ១យប់ ១ថ្ងៃ ដែលគេសង្ស័យជាករណីលង់ទឹកនៅគ្រាខ្លួនផឹកស្រាស្រវឹងជោគជាំ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានផងដែរ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង១៥នាទី រសៀលថ្ងៃសុក្រ ២រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចស្រះទឹកចិញ្ចឹមក្បែផ្ទះជនរងគ្រោះចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ឆេង ប៊ុយ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ វី អាន អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ(គ្មានកូន) មានទីលំភូមិ.ឃុំកើតហេតុខាងលើ។
លោក វរសេនីយ៍ឯកបន្តថា ក្រោយទទួលបានព័ត៌មាននេះភ្លាមសហការគ្នាចុះដល់កន្លែងកើតហេតុ ជនរងគ្រោះ(ស្លាប់)ចូលចិត្តយកស្រាធ្វើជាគ្នាភ្លិចបាយភ្លិចទឹកស្រវឹងរាល់ថ្ងៃ ហើយការពិតជនរងគ្រោះបានបាត់ខ្លួនតាំងពីរសៀលថ្ងៃទី២៨ មកម្លេះ លុះនៅម៉ោងខាងលើទើបគេប្រទះឃើញសាកសពអណ្ដែតទឹកស្រះចិញ្ចឹមត្រី បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្តកិច្ចផងនោះ។
លោក បន្តទៀតថា ក្រោយកម្លាំងសហការគ្នាធ្វើការពិនិត្យយ៉ាងយកចិត្តដាក់រួចមកឃើញថា ជនរងគ្រោះពិតជាអាចស្លាប់ដោយសារលង់ទឹកពិតប្រាកដ មិនមានជាប់ពាក់ព័ន្ធក្នុងករណីមនុស្សឃាត់អ្វីនោះឡើយ ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ បឹុម ពិន