ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្រុមកម្មករជាងសំណង់ប្រមាណ៧០នាក់នៅកន្លែងធ្វើការ ស្ថិតក្នុងភូមិបាវិតកណ្កាល សង្កាត់បាវិត ក្រុងបាវិត ដើម្បីអំពាវនាវរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរ ពិសេសសុំឱ្យថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ ជួយរកយុត្តិធម៌ ក្រោយពីមេការសំណង់របស់ពួកគេ ជាជនជាតិវៀតណាម គេចខ្លួនមិនបើកលុយឱ្យរយៈពេលជាង៤ខែ ស្មើនឹងទឹកប្រាក់៣១,៩៣៩ដុល្លារ។
យោងតាមតំណាងកម្មករ បានឱ្យដឹងថា ការមកជួបជុំគ្នាធ្វើកូដកម្មនេះ ដើម្បីទាមទារឱ្យមេការសំណង់ជាជនជាតិវៀតណាមឈ្មោះ ហេង តាយ និងឈ្មោះ និត បើកប្រាក់ឈ្នួល ឱ្យពួកគេទាំងអស់គ្នា។ ក្រុមកម្មករ បានឱ្យដឹងទៀតថា កម្មករ និងជាងសំណង់បានមកធ្វើសំណង់ ក្នុងការដ្ឋានរបស់ក្រុមហ៊ុនចិនមួយ ស្ថិតនៅទីទាំងខាងលើ តាំងពីខែមីនា ឆ្នាំ២០១៨ រហូតដល់ចុងខែមិថុនា ឆ្នាំ២០១៨ ដោយខែដំបូងបើកប្រាក់ឱ្យខ្លះ តែចាប់តាំងពីចូលឆ្នាំខ្មែររហូតមកដល់ពេលនេះ មិនទាន់បើកប្រាក់ពលកម្មឱ្យទេ ដោយមេការសំណង់រកលេសដោះសាររហូតថា ថ្ងៃនេះ ឬថ្ងៃនោះ ហើយគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រុមកម្មករសំណង់ បានបញ្ជាក់ថា អគារដែលពួកគេធ្វើនេះ ជាប្រភេទអគារបុគ្គលិកមាន ៧អគារ ស្នើ១៥០បន្ទប់ ជារបស់ក្រុមហ៊ុនចិន ហើយឈ្មោះ ហេង តាយ ដែលជាមេការសំណង់នេះ ជាអ្នកម៉ៅការបន្តពីថៅកែចិន តែភាគីខាងចិនគេថា បើកប្រាក់ឱ្យអស់ហើយ មិនដែលខកខាននោះទេ។
ពាក់ព័ន្ធនឹងករណីនេះដែរ អាជ្ញាធរក្រុងបាវិត បានចុះមកសួរនាំដែរ កាលពីម្សិលមិញ ហើយបានឱ្យក្រុមកម្មករសំណង់ដាក់ពាក្យប្តឹងទៅអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីឱ្យគេរកវិធីដោះស្រាយ និងតាមរកមុខមេការសំណង់ ដែលមិនបើកប្រាក់ឱ្យកម្មករនេះមកដោះស្រាយ និងចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា
តំណាងក្រុមហ៊ុនដែលចុះមកសម្របសម្រួល ជាមួយអាជ្ញាធរ បានអះអាងថា នឹងទទួលយកកម្មករដែលមេការរត់ចោលឱ្យមកធ្វើការបន្ត តែត្រូវចុះកិច្ចសន្យាឱ្យត្រឹមត្រូវ ដើម្បីជៀសវាងការចាញ់បោកគេទៀត៕