លោក គន់ គីម៖ គណបក្សប្រជាជនកម្ពុជានៅជាមួយប្រជាពលរដ្ឋរាល់គ្រាលំបាក និងធ្វើពលីកម្មយ៉ាងធំធេងស្រោចស្រង់ជាតិ និងជីវិតប្រជាជន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ បេក្ខជនតំណាងរាស្ត្រ និងជាប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យនៃគណបក្សប្រជាជនកម្ពុជា លោក គន់ គីម បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់នៅកម្ពុជា ដែលបានស្ថិតនៅជាមួយប្រជាពលរដ្ឋជានិច្ចក្នុងដំណាក់កាលលំបាក និងបានធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុស្រោចស្រង់ជាតិ និងជីវិតប្រជាពលរដ្ឋខ្មែរ។

លោក គន់ គីម បានថ្លែងដូច្នេះ ក្នុងពេលដឹកនាំយុទ្ធនាការរកសំឡេងឆ្នោតដោយចុះជួបជាមួយប្រជាពលរដ្ឋនៅឃុំថ្លាត និងឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។

ក្នុងជំនួបជាមួយប្រជាពលរដ្ឋលើទឹកដីដែលទើបនឹងបញ្ចប់សង្គ្រាមបានត្រឹម២០ឆ្នាំនោះ លោក គន់ គីម បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាដែលបានចាប់បដិសន្ធិឡើងកាលពី៦៧ឆ្នាំមុន តែងតែធ្វើសកម្មភាពក្នុងបុព្វហេតុជាតិ និងប្រជាជន និងរស់នៅជាមួយប្រជាជនគ្រប់ដំណាក់កាលទាំងអស់។ ជាពិសេសការប្រឹងប្រែងតស៊ូរំដោះជីវិតប្រជាពលរដ្ឋចេញពីរបបវាលពិឃាត ប៉ុល ពត ដែលជាគុណបំណាច់មួយដែលប្រជាពលរដ្ឋមិនអាចបំភ្លេចបានឡើយ បន្ថែមពីលើនេះគណបក្សដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងគ្រប់មធ្យោបាយដើម្បីបញ្ចប់សង្គ្រាមនៅក្នុងស្រុកអន្លង់វែង ក៏ដូចជានៅកម្ពុជាទាំងមូល។

«ចាប់តាំងពីបានបង្កើតឡើងមក គណបក្សប្រជាជនកម្ពុជា តែងតែប្រឹងប្រែងលះបង់សព្វបែបយ៉ាងក្នុងបុព្វហេតុសង្គមជាតិ។ គ្រប់ពេលដែលប្រទេសជាតិ និងប្រជាជនមានទុក្ខលំបាកតែងមានវត្តមានគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដទៃទៀត។ គណបក្សរបស់យើងប្រឹងប្រែងសព្វបែបយ៉ាងដើម្បីជាតិ និងប្រជាជនរបស់ពួកយើង។ ដូចបងប្អូនជ្រាបស្រាប់ពេលប្រទេសជាតិ និងប្រជាជនធ្លាក់ក្នុងអន្លង់ពិឃាតដ៏ឃោររបស់បនក្បត់ ប៉ុល ពត គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលបានចេញដឹកនាំចលនាតស៊ូរំដោះជីវិតប្រទេសជាជន»។ លោក គន់ គីម គូសបញ្ជាក់។

ក្នុងឱកាសនោះ លោក គន់ គីម ក៏បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិកទាំងអស់ អំពីផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ដែលបានកំណត់នៅក្នុងគោលនយោបាយទាំង ១១ខ របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ចាប់ពីឆ្នាំ២០១៨-២០២៣។ ផែនការសម្មភាពទាំងអស់នេះ មិនមែនជាការសន្យាខ្យល់ឡើយ តែជាចក្ខុវិស័យដែលមានការគិតគូរប្រកបដោយយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដើម្បីលើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

លោក គន់ គីម ក៏បានថ្លែងបង្ហាញនូវសារនយោបាយរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានខ្លឹមសារផ្តោតសំខាន់ទៅលើសមិទ្ធផលចម្បងៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព និងវឌ្ឍនភាព ព្រមទាំងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ប្រធានគណៈពង្រឹងការងារគណបក្សប្រជាជនកម្ពុជាក្នុងខេត្តឧត្តរមានជ័យរូបនេះ ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានគាំទ្រ និងស្រឡាញ់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក ហើយក៏សូមការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះចំណុចខ្វះខាតមួយចំនួនរបស់មន្រ្តី និងអាជ្ញាធរមូលដ្ឋានក្នុងការបម្រើប្រជាពលរដ្ឋ។

លោក គន់ គីម ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនស្ថិតនៅលេខរៀងទី២០ ដើម្បីបន្តរក្សាបាននូវការអភិវឌ្ឍ និងសុខសន្តិភាព។ ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ប្រៀបាននឹងបោះឆ្នោតធានានូវសេចក្តីសុខរបស់ខ្លួនផងដែរ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print