ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួបានផ្សាយកាលពីថ្ងៃសុក្រ ទី១៣ ខែកក្កដាថា ហេតុការណ៍ផ្ទុះនៅក្នុងសួនឧស្សាហកម្មមួយកន្លែងនៅខេត្តភាគនិរតី ប្រទេសចិនបានសម្លាប់មនុស្ស ១៩នាក់ និងរងរបួស១២នាក់។
ការផ្ទុះនេះបានកើតឡើងនៅរោងចក្រ Yibin Hengda Technology Co ដែលជារោងចក្រគីមីមួយ នៅក្នុងសួនឧស្សាហកម្ម ក្នុងទីក្រុង Yibin ខេត្តស៊ីឈួន វេលាម៉ោង៦និង៣០ នាទីល្ងាច ថ្ងៃព្រហស្បតិ៍ទី១២ ខែកក្កដា។
ទីភ្នាក់ងារស៊ីនហួបានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលស្រុក Jiang’an និយាយថា អគ្គីភ័យត្រូវកម្លាំងអគ្គិភ័យគ្រប់គ្រងស្ថានការបានទាំងស្រុងនៅព្រឹកថ្ងៃសុក្រ ហើយអ្នករងរបួសស្ថិតក្នុងស្ថានភាពល្អប្រសើរ មិនធ្ងន់ធ្ងរនោះទេ ។
កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងដើម្បីកែលម្អបទដ្ឋានសុវត្ថិភាពការងារ ប៉ុន្តែគ្រោះថ្នាក់ឧស្សាហកម្មដែលបណ្តាលឲ្យមានមនុស្សស្លាប់នៅតែកើតឡើងជាធម្មតា នៅក្នុងប្រទេសចិន ។ ការអនុវត្តន៍បទបញ្ជាសុវត្ថិភាពក្នុងប្រទេសនេះ ជួនកាលអាចមានភាពធូររលុង ៕