ភ្នំពេញ ៖ កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លិខិតមួយច្បាប់របស់ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បានអំពាវនាវឲ្យពលករខ្មែរដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃរក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តការងារជាធម្មតា ក្រោយមានក្រុមជនខិលខូចមួយចំនួនបានឆ្លៀតឱកាសបង្ហោះឃ្លីបវីដេអូចាស់ៗ ដើម្បីបំពុលលើបណ្ដាញសង្គមហ្វេសប៊ុក ស្តីពីការចុះត្រួតពិនិត្យពលករបរទេសរបស់អាជ្ញាធរថៃ ។
ស្ថានទូតកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ចំពោះពលករដែលមានមិនទាន់មានឯកសារស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ត្រូវរួសរាន់ស្នើសុំលិខិតធ្វើដំណើរបណ្តោះអាសន្ន (Lassez passer)ពីស្ថានទូតកម្ពុជានៅថៃ ដើម្បីធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជា និងរៀបចំឯកសារស្របច្បាប់ចូលមកធ្វើការក្នុងប្រទេសថៃវិញ ។
ហ្វេសបុករបស់ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ បញ្ជាក់ថា តាមពិតហេតុការណ៍ដែលគេបានយកបង្ហោះក្នុងពេលនេះបានកើតឡើងតាំងតែខែឧសភា ឆ្នាំ២០១៥ មកម្ល៉េះ មិនមែនទើបតែកើតឡើងក្នុងពេលថ្មីៗនេះទេ៖