ដូចការសន្យា រដ្ឋាភិបាលប្រទេសជប៉ុនបានប្រគល់ជំនួយជាសម្ភារះរួចហើយមកឱ្យគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាខែកក្កដា ឆ្នាំ២០១៨ នេះមានតម្លៃស្មើនឹងជាង ៧លានដុល្លារអាមេរិក ដែលក្នុងនោះរួមមានហិបឆ្នោតចំនួន ១១០០០ ហិប និងរថយន្តចំនួន ៤០ គ្រឿង។
សម្ភារបរិក្ខារដែលជាជំនួយរបស់ជប៉ុន និងសម្ភារះបោះឆ្នោតផ្សេងទៀតបាន និងកំពុងបញ្ជូនទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយនឹងបញ្ជូនបន្តទៅគ្រប់ការិយាល័យ បោះឆ្នោតក្នុងរយៈពេល៣៦ម៉ោងមុនថ្ងៃបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ឱ្យដឹង នៅថ្ងៃទី១៤ ខែកក្កដានេះ ខណៈនៅសល់តែ ១៥ ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយមាន គណបក្សនយោបាយចំនួន ២០ ចូលរួមប្រកួតប្រជែងដណ្តើមអាសនៈ ចំនួន ១២៥ របស់រដ្ឋសភា និងមាន ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជាង ៨,៣ លាននាក់។
នេះ គឺជាជំនួយប្រកបដោយអត្ថន័យសម្រាប់ពលរដ្ឋ កម្ពុជា ក្នុងការបន្តពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ។ ពលរដ្ឋខ្មែរ ពិតជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានផ្តល់ការគាំទ្រនិងជំនួយសម្ភារះលើ ដំណើរការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ដ៏មានសារៈសំខាន់នេះ។
ប្រជាពលរដ្ឋខ្មែរច្រើនលើសលប់បានត្រៀម ខ្លួនរួចជាស្រេច ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន ទោះបីមានមជ្ឈដ្ឋានអ្នកនយោបាយរត់ ចោលស្រុកខ្លះបាននិងកំពុងដើរគៀងគរ ញុះញង់ប្រទេសមួយចំនួនរួមនឹងពលរដ្ឋខ្មែរខ្លះនៅក្រៅស្រុកប្រឆាំង នឹងការបោះឆ្នោតនេះក៏ដោយ។
ការស្រែកតវ៉ារបស់ពួកគេ គឺជាសិទ្ធិស្របច្បាប់ ប៉ុន្តែជាតិនិងប្រជាជនកម្ពុជា ក៏មានសិទ្ធិស្របច្បាប់ ដើម្បីរៀបចំការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ និងមានការចែងយ៉ាងច្បាស់ក្នុងច្បាប់។ រហូតមកទល់ពេលនេះ ដំណើរការបោះឆ្នោតនេះបាននិងកំពុងប្រព្រឹត្តទៅតាមផែនការយ៉ាងរលូននិងមានការ ចូលរួមគាំទ្រយ៉ាងច្រើនពីប្រទេសនានា ដែលមានសមានចិត្តស្មោះស្ម័គ្រជាមួយកម្ពុជា។
កម្ពុជាដែលពេលនេះ បានបោះជំហានយ៉ាងស្វាហាប់នៅលើវិថីនៃសន្តិភាព និងការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប តេយ្យ។ ដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រស់រវើកនេះ កើតចេញពីការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋខ្មែរ រួមនឹងការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ។
ទោះបីជាក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ព្យាយាមគ្រប់បែបយ៉ាង ដើម្បីបំផ្លាញការបោះឆ្នោតនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយបានបង្កើតផែនការទុច្ចរិតនានា ដើម្បីអុកឡុក និងក្រឡុក បង្ខូចការបោះឆ្នោតរហូតដល់ទៅប្រទេសជប៉ុន ដើម្បីជួបជាមួយសមាជិកនៃបក្ស ប្រឆាំងជប៉ុននិងបានជួលប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្សព្វផ្សាយបំភ្លៃ បំផ្លើសព័ត៌មាននៃជំនួបនេះយ៉ាងណាក៍ដោយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបំផ្លាញជាតិរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុកនេះ ត្រូវបានទទួលបរាជ័យយ៉ាង អាម៉ាស់ជាទីបំផុត។
ពួកគេដើរសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងបំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជាច្រើនកាលណាសហគមន៍អន្តរជាតិ និងប្រជាជនកម្ពុជាបានដឹងពីចរិតដ៏អាក្រក់របស់ពួកគេប៉ុណ្ណោះដែរ។ ពួកគេនឹង កាន់តែបរាជ័យកាន់តែខ្លាំង និងទទួលរងនូវការថ្កោលទោសកាន់តែខ្លាំងពីប្រជាពលរដ្ឋចំពោះសកម្មភាពជាន់ ឈ្លីសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ចុងក្រោយ ពួកគេក៏នឹងត្រូវ ប្រឈមចំពោះមុខច្បាប់ដែលបានរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោតដូចដែល មានចែងក្នុងច្បាប់។
ជាថ្មីម្តងទៀត ពលរដ្ឋខ្មែរពិតជាថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបន្តការគាំទ្រលើដំណើរ ការបោះឆ្នោត ដែលជាការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប្រជាពលរដ្ឋខ្មែរនឹងទៅចូលរួមបោះឆ្នោត ច្រើនកុះករដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងថែរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍដែលកម្ពុជាមាន សព្វថ្ងៃនេះ។ ប្រទេសជប៉ុនបានដើរតួនាទីសំខាន់មិនអាចខ្វះបានទាំងក្នុងដំណើរការស្វែងរកសន្តិភាព ដើម្បី បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈការឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការផ្តល់ នូវជំនួយឥតសំណង និងប្រាក់កម្ចីដើម្បីកម្ពុជាកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន៕
ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៨