ខេត្តពោធិ៍សាត់៖ រថយន្តវីអាយភីដឹកអ្នកដំណើរមួយគ្រឿង បើកលឿនដូចហោះជ្រុលបុកក្មេងកំពុងជិះកង់ ខណៈស្របទិសគ្នាបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៤.២០៥ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា ការគ្រោះថ្នាក់ខាងលើ បង្កឡើងដោយរថយន្តវីអាយភីដឹកអ្នកដំណើរមួយគ្រឿងម៉ាក ហ្វត ពណ៌ទឹកប្រាប់ ពាក់ស្លាកលេខ ភ្នំពេញ 2W-8596 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើបានបុកក្មេងកំពុងជិះកង់ស្របទិសគ្នាពេញទំហឹង រួចអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ប្រភពពីនគរបាលចរាចរណ៍ បានឱ្យដឹងដែរថា ក្មេងស្រីរងគ្រោះឈ្មោះ ផល លក្ខិណា អាយុ ១៤ឆ្នាំ មានទីលំនៅភូមិ.ឃុំកើតហេតុ។ប្រភពបន្ដទៀតថា សាកសពប្រគល់ឱ្យក្រុមសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង រថយន្តនិងកង់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តតាមនីតិវិធី ។
ករណីរថយន្តវីអាយភីដឹកអ្នកដំណើរ បើកលឿនដូចហោះក៏ដូចរថយន្តក្រុងដែរនោះមតិមហាជនបានលើកឡើងស្រដៀងៗគ្នាថា បញ្ហាដូចគ្រោះថ្នាក់ចរាចរណ៍ខាងលើមានជាញឹកញាប់ជាហូរហែមិនឈប់ឈរ ដូចជាក្រសួងពាក់ព័ន្ធមានសមត្ថកិច្ច មិនទាន់ឃើញមានចំណាត់ការណាអោយបានច្បាស់លាស់នៅឡើយទេ ៕
ដោយ៖ ប៉ឹម ពិន