ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងចម្រុះឈរជើងនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមទាំងវត្ថុតាង ។
ប្រតិបត្តិការខាងលើ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង ២១.២៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ទោ សឹង សុភ័ក្រ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួន ទី១-ឈ្មោះ ចេង ចិន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ទី២-ឈ្មោះ ព្រុំ ពា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងទី៣-ឈ្មោះ ទាំ លាស់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិរលាំង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោកនាយការិយាល័យបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ខណៈកម្លាំងប្រចាំការគោលដៅមានការសង្ស័យ ដោយសារពួកគេធ្វើដំណើរពេលយប់ដោយម៉ូតូ ១គ្រឿងម៉ាក ស៊ុយសឺគី ស្មាសរីវ៉ូ ពណ៌ខ្មៅ រួមគ្នា ខណៈនោះកម្លាំងឃាត់សួរនាំរកឃើញវត្ថុតាងដូចមាននៅក្នុងរូបភាពរួមមាន ប្រេងម៉ាស៊ូត និងសាច់លាយថ្នាំពុល ។ល។ អាចសន្និដ្ឋានបានថា ក្រុមនេះសង្ស័យជាមុខសញ្ញា ដាក់ថ្នាំបំពុលសត្វលួចយកទ្រព្យសម្បត្តិប្រជាពលរដ្ឋនាពេលកន្លងមក ។
លោកបន្តទៀតថា ករណីនេះកម្លាំងកំពុងសាកសួរ និងស្រាវជ្រាវដើម្បីរកសំបុកពួកគេបន្ត ៕
ដោយ៖ ប៉ឹម ពិន