ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ រួមជាមួយនឹងក្រុមការងារជាច្រើននាក់ទៀត បានទទួលអំណោយសង្គ្រោះដ៏ថ្លៃថ្លាជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនគ្រួសារងាយរងគ្រោះចាស់ជរាគ្មានទីពឹងគ្រួសារផ្ទុកមេរោគអេដស៍ចំនួន៤៦គ្រួសារ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ពិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅផ្សារ OCIC ស្ថិតនៅក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
នាឱកាសនោះដែរ លោក ឃ្លាំង ហួត ក៏មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ដែលលោកតែងតែយកចិត្តទុកដាក់ដល់បងប្អូនដែលងាយរងគ្រោះទាំងអស់ ព្រមទាំងជួយដាស់តឿនដល់មន្ត្រីក្រោមឱវ៉ាទត្រូវឱ្យយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះដូចជា ក្រុមគ្រួសារដែលផ្ទុកមេរោគអេដស៍ ជនទីទាល់ក្រ ចាស់ជរាគ្មានទីពឹង និងរងគ្រោះដោយគ្រោះធម្មជាតិជាដើម។
លោកព្រាប មុនី ចៅសង្កាត់ព្រែកលៀបបានឲ្យដឹងថា ប្រជាពលរដ្ឋដែលមកទទួលអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នេះរួមមានចាស់ជរា២២គ្រួសារ ស្ត្រីមេម៉ាយ១៨គ្រួសារ អ្នកផ្ទុកមេរោគអេដស៍៥គ្រួសារ និងក្មេងកំព្រា១ម្នាក់។
អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលនាំយកមកចែកជូនប្រជាពលរដ្ឋនាឱកាសនោះរួមមាន គ្រឿងឧបភោគបរិភោគជូនដល់ដៃប្រជាពលរដ្ឋចំនួន៤៦គ្រួសារដែលក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ សារុង១ ក្រមា១ ភួយ១ និងថវិកា១០ម៉ឺនរៀលផងដែរ៕
ដោយ៖ ជ្រោយពេជ្រ